លោក ចូ បៃដិន ដកខ្លួនចេញពីការប្រកួតបោះឆ្នោតប្រធានាធិបតីអាមេរិក វែកផ្លូវឱ្យលោកស្រី Kamala Harris

Oplus_131072

(REHOBETH BEACH, Delaware)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកហើយ នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ចំពោះមុខការអំពាវនាវកាន់តែច្រើននៅក្នុងគណបក្សប្រជាធិបតេយ្យឱ្យរូបលោកធ្វើដូច្នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

ជាមួយការសម្រេចចិត្តដកខ្លួន លោក ចូ បៃដិន ក៏បានផ្ដល់ការគាំទ្រដល់អនុប្រធានាធិបតីរបស់លោក គឺលោកស្រី Kamala Harris ដើម្បីជំនួសរូបលោកក្នុងនាមជាបេក្ខជន ប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ក្នុងការប្រកួតតតាំងជាមួយលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ផងដែរ។ លោក បៃដិ​ន មាន៨១ឆ្នាំ បានបន្ថែម នៅលើបណ្ដាញទំនាក់ទំនងសង្គម X ​ថាលោកនឹងបន្តកាន់តំណែងជាប្រធានាធិបតីអាមេរិក រួមទាំងជាអគ្គមេបញ្ជាការកងទ័ពរហូតដល់អាណត្តិរបស់លោកផុតសុពលភាព នៅខែមករា ឆ្នាំ២០២៥ ហើយលោកផ្ទាល់នឹងថ្លែងសុន្ទរកថាមួយទៅកាន់ប្រជាជាតិអាមេរិកក្នុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា លោក ចូ បៃដិន មិនបានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីរូបលោកបានឆ្លងកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័កនៅឯផ្ទះរបស់លោកក្នុងទីក្រុង Rehoboth Beach, រដ្ឋ Delaware។ តាមប្រធានគណៈកម្មាធិការជាតិប្រជាធិបតេយ្យ លោក Jaime Harrison ប្រជាជនអាមេរិកនឹងបានដឹងពីគណបក្សប្រជាធិបតេយ្យពីជំហានបន្ទាប់ និងការដំណើរការនីតិវិធីតែងតាំងបេក្ខជនប្រធានាធិបតីរបស់បក្ស ក្នុងពេលឆាប់ៗ។

នេះគឺជាលើកដំបូងក្នុងរយៈពេលជាងកន្លះស.វមកនេះ ដែលប្រធានាធិបតីកំពុងកាន់អំណាចម្នាក់សម្រេចចិត្តដកខ្លួនចេញពីការប្រកួត។ ម្យ៉ាងវិញទៀត ប្រសិនបើត្រូវបាន តែងតាំងជាផ្លូវការពិតមែន នោះលោកស្រី Harris មានអាយុ៥៩ឆ្នាំ នឹងក្លាយជាស្ត្រីស្បែកខ្មៅដំបូងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកក្នុងនាមជាបេក្ខជនប្រធានាធិបតីអាមេរិក៕