ភ្នំពេញ ៖ អមដំណើរដោយរដ្ឋមន្ត្រីជាច្រើនរូប នៅព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញត្រួតពិនិត្យការ ស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវនៃផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ នាពេលអនាគត។
សម្ដេចតេជោ ហ៊ុន សែនបានថ្លែងនូវការកោតសរសើរចំពោះកងវិស្វកម្មក្នុងការស្ថាបនាផ្លូវ នៅក្នុងក្រុងព្រះសីហនុ។ នាយករដ្ឋមន្ត្រី នៃកម្ពុជា អមដោយរដ្ឋមន្ត្រីជាច្រើនរូប បានចំណាយពេលពេញមួយព្រឹក ដើម្បីពិនិត្យការស្ថាបនាផ្លូវក្រវាត់ក្រុង និងផ្លូវនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសី ហនុ ដែលសម្រេចបានជាង ៩០% ហើយ។ ការស្ថាបនាផ្លូវបេតុងរឹងមាំ និងធំទូលាយ នៅក្នុងក្រុងព្រះសីហនុ នាពេលនេះ ត្រូវបានស្ថាបនាដោយក្រុមហ៊ុន កងវិស្វកម្មសម្តេចតេជោ ។ ការស្ថាបនាផ្លូវក្រវាត់ក្រុង មានផ្លូវខ្លះគឺត្រូវបានស្ថាបនាផ្លូវថ្មីទាំងស្រុងនៅមានការជីក ជ្រៀកភ្នំ ដើម្បីស្ថាបនាផ្លូវតែម្តង។ ការស្ថាបនាផ្លូវជាច្រើនខ្សែបែបនេះ ប្រយោជន៍ដើម្បីជំរុញការដឹកជញ្ជូន នឹងប្រែក្លាយ ខេត្តព្រះសីហនុ ទៅជាប៉ូលទេសចរណ៍ និងពាណិជ្ជកម្មដ៏ធំ នាថ្ងៃអនាគត។
ដើម្បីធានាដល់គុណភាពសំណង់ និងធ្វើយ៉ាងណាឱ្យរួច រាល់តាមផែនការនៅចុងឆ្នាំ២០២០នេះ ឧបនាយករដ្ឋ មន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយ កម្ម និងសំណង់ និងជាអ្នកគ្រប់គ្រងការស្ថាបនានេះដោយផ្ទាល់ ព្រមទាំងអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្ពស់បំផុតលើដំណើរការសាងសង់។ គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ពោលរយៈ ពេល ៦ខែនេះ សម្រេចបានជាង ៩០ភាគរយ ដែលល្បឿននៃការសាងសង់នេះលឿនជាងការគ្រោងទុកប្រមាណ ៤,៥ភាគរយ។
យោងតាមរបាយការណ៍បានបញ្ជាក់ថា ផ្លូវទាំង ៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ។ ផ្លូវទាំង ៣៤ខ្សែនេះ ចែកចេញជា ៣ប្រភេទ រួមមាន ៖ មហាវិថីចំនួន ៣ ខ្សែ ប្រវែងជាង ២២គីឡូម៉ែត្រ មានទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥,៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ៦គន្លង (៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត២គន្លង រួមមាន ៖ មហាវិថីរាម (លេខ៤៥), មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ (លេខ៤៧)។ ក្នុងក៏ស្ថាបនា វិថីចំនួន ១៦ខ្សែ មានប្រវែងជិត ៥០គីឡូម៉ែត្រ មានទទឹង ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ទ្រូងផ្លូវទទឹង ១០,២៥ម៉ែត្រ ទៅ ១៧,២៥ ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២គន្លង ទៅ ៤គន្លង, ផ្លូវទោចក្រយានយន្ត២ គន្លង។ វិថីទាំង ១៦ខ្សែនេះ រួមមាន ៖ វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ៧០១), វិថី២៨មិថុនា (លេខ១២៣) , វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។ ដោយឡែក អនុវិថី មានចំនួន ១៥ខ្សែ មានប្រវែងជិត ១២គីឡូម៉ែត្រ ក៏ត្រូវស្ថាបនាផងដែរ។ អនុវិថីនីមួយៗ មានទទឹងផ្លូវពី ១៥ ម៉ែត្រ ទៅ ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង ១០,២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២គន្លង និងផ្លូវទោចក្រយានយន្ត២ គន្លង។ ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង ការស្ថាប នាផ្លូវទាំង៣៤ខ្សែ ត្រូវគោរពតាមគោលការណ៍ និងលក្ខណៈបច្ចេកទេស ដែលគោរពតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០។ ការកំណត់អ័ក្សផ្លូវតាមចំណុចកណ្តាលនៃដីចំណីផ្លូវសាធារណៈស្របតាមប្លង់សុរិយោ ដី ហើយការសាងសង់តាមគម្រោងប្លង់បច្ចេកទេសលម្អិតនៃខ្សែផ្លូវនីមួយៗដែលសិក្សាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុលោមតាមបទដ្ឋានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ពិសេសជាងនេះ ផ្លូវសំខាន់ៗនឹងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាពផងដែរ។ រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុ ភារកម្មជាតិ ដោយមានទំនាក់ទំ នងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។
គួរបញ្ជាក់ថា ផ្លូវទាំង ៣៤ខ្សែនេះ ត្រូវបានសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណជាង ៣០០លានដុល្លារអាមេ រិក ដើម្បីកសាងផ្លូវទាំងនេះប្រកបដោយប្រណីតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា៕ មនោរា