លោក Blinken ថានឹងធ្វើការជាមួយសភាអាមេរិក ជុំវិញការដាក់ទណ្ឌកម្មប្រឆាំង ICC

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃទី២១ ខែឧសភា បាននិយាយថារដ្ឋបាលលោក ចូ បៃដិន មាន ឆន្ទៈធ្វើការជាមួយសភាទាំង២របស់សហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមមន្ត្រីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញការស្នើ ដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែលពាក់ព័ន្ធនឹងសង្រ្គាមហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលើកឡើងរបស់លោក Antony Blinken ធ្វើឡើង បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Lindsey Graham បានប្រាប់លោកប្រមុខការទូតអាមេរិកថារូបលោកផ្ទាល់ចង់ឃើញការដាក់ទណ្ឌកម្មឡើងវិញរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងតុលាការ ICC ជាការឆ្លើយតបទៅនឹងរដ្ឋអាជ្ញា​ ICC លោក Karim Khan ដែលកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានដាក់ពាក្យសុំជាផ្លូវការទៅកាន់ អង្គបុរេជំនុំជម្រះរបស់ ICC ដើម្បីស្នើសុំដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែល។

នៅក្នុងកិច្ចប្រជុំមួយ លោក Graham បានប្រាប់លោក Blinken ដូច្នេះថា «ខ្ញុំចង់ចាត់វិធានការសកម្មភាព មិនមែនត្រឹមតែមាត់នោះទេ។ ដូច្នេះ តើអ្នកនឹងគាំទ្រកិច្ចប្រឹងប្រែងរបស់គណបក្សទាំង២ដែរឬទេ ដើម្បីដាក់ទណ្ឌកម្មប្រឆាំង ICC មិនមែនត្រឹមតែដោយសារតុលាការនេះប្រឆាំងនឹង អ៉ីស្រាអែលប៉ុណ្ណោះទេ តែក៏ដើម្បីការពារផលប្រយោជន៍របស់យើងនៅពេលអនាគតផងដែរ»។ ជាការឆ្លើយតប លោក Blinken បានឆ្លើយថាខ្ញុំ ស្វាគមន៍ការធ្វើការជាមួយអ្នក ចំពោះបញ្ហានេះ»៕