(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានរិះគន់សំណើរបស់រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC សម្រាប់ដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់អ៉ីស្រាអែល ក្នុងនោះរួមមានទាំងលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយចាត់ទុកសកម្មភាពបែបនេះជារឿងដ៏អាម៉ាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២០ ខែឧសភា លោក បៃដិន បានកត់សម្គាល់ថា «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា មិនថារដ្ឋអាជ្ញាម្នាក់នោះលើកឡើងបែបណា នោះទេ ក៏វាមិនមានការប្រៀបធៀបគ្នារវាងអីស្រាអែល និងក្រុមហាម៉ាសបានឡើយ។ យើងនឹងឈរជាមួយអ៉ីស្រាអែលជានិច្ចប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខរបស់ ពួកគេ»។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានរិះគន់ផងដែរចំពោះការស្នើសុំដីកាចាប់ខ្លួនថ្នាក់ដឹកនាំអ៉ីស្រាអែល ដោយលោកចាត់ទុកថាការធ្វើបែបនេះនឹងមិនអាច ជួយអ្វីដល់កិច្ចប្រឹងប្រែងស្វែងរកបទឈប់បាញ់សម្រាប់សង្រ្គាមហ្កាហ្សាបាននោះទេ តែមានតែបំផ្លាញកិច្ចប្រឹងប្រែងនេះទៅវិញ៕