(ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារ ហៅកាត់ថា ILO បានសម្តែងការកោតសរសើរចំពោះរាជរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន និងដាក់ចេញគោលនយោបាយធានារក្សាបានបរិយាកាសការងារល្អប្រសើរនៅតាមរោងចក្រ សហគ្រាស។
ការកោតសរសើរនេះ ត្រូវបានលើកឡើងដោយ លោកស្រី Chihoko Asada Miyakawa ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការ ILO ពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤នេះ។
លោកស្រី Chihoko Asada-Miyakawa បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងអង្គការ ILO និងកម្ពុជា និងបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។
លោកស្រីឧបការីអគ្គនាយក ក៏បានសម្តែងការអបអរសាទរចំពោះការសម្រេចបានលទ្ធផលដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញគោលនយោបាយគាំពារសង្គមជូនដល់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងកម្មករ-និយោជិត ក្នុងគ្រាលំបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបានសម្តែងការគាំទ្រចំពោះប្រទេសកម្ពុជាក្នុងការរៀបចំចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ២០២៩ខាងមុខ។
ទន្ទឹមនោះ លោកស្រីឧបការីអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកម្មវិធីនយោបាយក្នុងការរួមចំណែក និងគាំទ្រដល់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាពិសេសគាំទ្រដល់សមាគមនានាក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយសុខុដុមនីយកម្មក្នុងរោងចក្រ និងសហគ្រាស។
លោកស្រីឧបការីអគ្គនាយក ក៏បានគោរពស្នើសុំមតិយោបល់ និងអនុសាសន៍របស់សម្តេចធិបតី ចំពោះអង្គការ ILO ក្នុងការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោកស្រី Chihoko Asada-Miyakawa និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណអង្គការ ILO ចំពោះការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។
សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការបន្តគាំទ្រ និងចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្តេចធិបតី បានសម្តែងការគាំទ្រចំពោះកម្មវិធីដែលមានស្រាប់របស់ ILO នៅកម្ពុជា និងលើកទឹកចិត្តឱ្យ ILO បន្តគាំទ្រដល់វិស័យការងារនៅកម្ពុជាបន្ថែមទៀត ជាពិសេសការកសាងមូលធនមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារ តាមរយៈការកសាងសមត្ថភាពឱ្យមានជំនាញខ្ពស់ និងជំនាញប្រកបដោយភាពបត់បែន ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅរបស់កម្ពុជាក្នុងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
បន្ថែមលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តផ្តោតការយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង៦ តាមរយៈការធ្វើឱ្យប្រសើរឡើងប្រព័ន្ធសុខាភិបាល ការកែទម្រង់ប្រព័ន្ធអប់រំ និងកិច្ចគាំពារសង្គមជាដើម។
ពាក់ព័ន្ធការលើកកម្ពស់សុខុដុមនីយកម្មក្នុងរោងចក្រ និង សហគ្រាស សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពលើការកសាងសុខុដុមនីយកម្មនៅតាមរោងចក្រ និងសហគ្រាស ធ្វើយ៉ាងណាធានាឱ្យបានបរិយាកាសការងារដ៏ល្អសម្រាប់កម្មករ និយោជិត និងនិយោជក ក៏ដូចជាការពង្រឹងលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើងជូនបងប្អូនកម្មករ និយោជិតគ្រប់រូប។ រាជរដ្ឋាភិបាល ក៏តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញវិធានការដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពនៅពេលមានវិវាទការងារកើតឡើង តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល៕