លោក គីម ជុងអ៊ុន ចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បង របស់កូរ៉េខាងជើង

 (សេអ៊ូល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP អោយដឹងថា មេដឹកនាំកូរ៉េខាង ជើង លោក គីម ជុងអ៊ុន បានចាត់ទុកកូរ៉េខាងត្បូងជា «សត្រូវចម្បង» របស់កូរ៉េខាងជើង និងបាន ព្រមានទៀតផងថាលោក នឹងមិនស្ទាក់ស្ទើរឡើយ ដើម្បីកម្ទេចកូរ៉េខាងត្បូង អំឡុងរូបលោកធ្វើ ទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធសំខាន់ៗរបស់កូរ៉េខាងជើង នៅថ្ងៃពុធ ទី១០ ខែមករានេះ។

ការព្រមានជាថ្មីរបស់លោក គីម ជុងអ៊ុន កើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាង ២០០គ្រាប់ ធ្លាក់នៅក្បែរព្រំដែនទឹកកំពុងមានវិវាទ ជាមួយកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ ជា ហេតុជំរុញឱ្យទីក្រុងសេអ៊ូលចាត់វិធានការតបតជាមួយការធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងបានបង្គាប់ ឱ្យ ជម្លៀសប្រជាជនចេញពីកោះចំនួន ២របស់កូរ៉េខាងត្បូង។

រូបភាពចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធនេះបានបង្ហាញពី វត្តមានលោក គីម ជុងអ៊ុន ឈរនៅចំពោះមុខយានទម្រ បាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីដែល មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ KCNA បានគូសបញ្ជាក់ដោយស្រង់សម្ដីលោក គីម ជុងអ៊ុនថា កូរ៉េខាងត្បូងបានក្លាយជាសត្រូវចម្បង របស់កូរ៉េខាងជើង ហើយលោកបានជំរុញឱ្យ កម្មកររោងចក្រផលិតអាវុធទាំងអស់ធ្វើទំនើបកម្ម និងផលិតអាវុធឱ្យ បានកាន់តែច្រើន។ តាម KCNA​ លោក គីម ជុងអ៊ុន ក៏បានព្រមានដែរថាលោកគ្មានឆន្ទៈបញ្ចៀសសង្រ្គាម ហើយថាលោក ក៏នឹងមិនស្ទាក់ស្ទើរដែរ ក្នុងការកម្ទេចកូរ៉េខាងត្បូង៕