សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ មិនធ្វើវារីអគ្គីសនីនៅលើដងទន្លេមេគង្គនោះទេ ដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកបរិស្ថាន និងអេកូឡូស៊ីតាមដងទន្លេ

(កោះកុង)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តដើរតាមគន្លងរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដោយមិនធ្វើការអភិវឌ្ឍគម្រោងវារីអគ្គិសនីណាមួយនៅលើដងទន្លេមេគង្គដោយផ្ទាល់ទេ ដើម្បីការពារប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានធម្មជាតិរបស់ទន្លេមេគង្គ។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាទូទៅ, ការអភិវឌ្ឍ គឺចៀសមិនផុតពីការប្រឈមនូវបញ្ហា និងផលប៉ះពាល់មួយចំនួននោះទេ, ប៉ុន្តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលរបស់បណ្តាប្រទេសនានា លើពិភពលោកតែងធ្វើការថ្លឹងថ្លែង និងប្រៀបធៀបឲ្យបានសុក្រឹត្យបំផុតរវាងផលប៉ះពាល់លើចីរភាព, ស្ថិរភាព និងសន្តិសុខថាមពល របស់ប្រទេសទាំងមូល និងផលប៉ះពាល់លើបរិស្ថាន និងសង្គម នៅតំបន់ដែលត្រូវធ្វើការអភិវឌ្ឍ តាមរយៈការសិក្សាដែលមានលក្ខណៈជំនាញ និងគិតគូរធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ លើបរិស្ថាន និងសង្គមឲ្យបានជាអតិបរមា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណាខ្ញុំ សូមជម្រាបជូនឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានឹងបន្តដើរតាមគន្លងរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដោយមិនធ្វើការអភិវឌ្ឍគម្រោងវារីអគ្គិសនីណាមួយ នៅលើដងទន្លេមេគង្គដោយផ្ទាល់ទេ ដើម្បីការពារប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានធម្មជាតិរបស់ទន្លេមេគង្គ»

សម្ដេចធិបតី នាយករដ្ឋមន្ដ្រីបានបន្ដទៀតថា ទោះជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ, នៅបណ្តាប្រទេសអភិវឌ្ឍនានា រដ្ឋាភិបាលរបស់គេតម្រូវឲ្យធ្វើការសិក្សាជាច្រើនដង មុននឹងសម្រេចចិត្តធ្វើការអភិវឌ្ឍសក្តានុពលវារីអគ្គិសនីសំខាន់ៗ ព្រោះគេត្រូវថ្លឹងថ្លែងរវាងផលប្រយោជន៍ និងផលប៉ះពាល់។ ប្រទេសដែលបានធ្វើការអភិវឌ្ឍវារីអគ្គិសនីច្រើនជាងគេ ក្នុងពិភពលោករួមមាន៖ កាណាដា, សហរដ្ឋអាមេរិក, រុស្សី, ចិន, ណ័រវេស, ស៊ុយអែត, ឥណ្ឌា និងអេស្បាញជាដើម។
ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ប្រសិនបើយើងប្រៀបធៀបសមាមាត្រនៃផ្ទៃដី ដែលប្រើប្រាស់សម្រាប់អភិវឌ្ឍន៍វារីអគ្គិសនី ជាមួយនឹងផ្ទៃដីសរុបរបស់ប្រទេសទាំងនោះ និងសមាមាត្រ នៃការប្រើប្រាស់ផ្ទៃដីរបស់កម្ពុជាយើង សម្រាប់អភិវឌ្ឍន៍វារីអគ្គិសនី ដែលបានគ្រោងទាំងអស់ នឹងមកទល់ពេលនេះ គឺមានតិចតួចណាស់។

តាមរយៈរបាយការណ៍ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបង្ហាញឲ្យឃើញថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន, ក្នុងរយៈពេល១៥ឆ្នាំ ចុងក្រោយនេះ ការអភិវឌ្ឍវិស័យថាមពលអគ្គិសនី នៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ព្រមទាំងទទួលបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ ជាបន្តបន្ទាប់។
ឈរលើមូលដ្ឋាននេះ, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍវិស័យថាមពលអគ្គិសនីបន្តទៀត ដូចជា ការជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ធ្វើយ៉ាងណាឲ្យគ្រប់ទីកន្លែងនៅកម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់, មានឯករាជ្យភាព, មានស្ថិរ-ភាព, អាចជឿទុកចិត្តបាន និងមានថ្លៃសមរម្យ, ការបង្កើនស្ថិរភាព និងគុណភាព នៃការផ្គត់ផ្គង់អគ្គិសនី និងធ្វើទំនើបកម្មលើការទំនាក់ទំនង និងការផ្តល់សេវាផ្សេងៗ ជូនដល់អ្នកប្រើប្រាស់អគ្គិសនីឱ្យកាន់តែងាយស្រួល, មានតម្លាភាព និងប្រសិទ្ធភាព។

ការបន្តពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃអគ្គិសនី និងបន្ថយថ្លៃលក់អគ្គិសនីបន្តទៀត, ការខិតខំចូលរួមជំរុញអន្តរកាលថាមពលឆ្ពោះទៅរកសង្គមអព្យាក្រឹត្យភាពកាបូន, ការជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគ និងការធ្វើអាជីវកម្មផ្តល់សេវាកម្មអគ្គិសនី និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងក្នុង និងក្រៅតំបន់ លើវិស័យថាមពល៕