(ភ្នំពេញ)៖ សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេច ក៏ដូច ជា កូនចៅចៅទួតទូទាំងប្រទេស ចងចាំជានិច្ចនូវព្រះគុណូបការៈ និងគំរូវីរភាពដ៏អង់អាចក្លាហាន របស់ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះរាជកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ តស៊ូប្ដូរផ្តាច់ដណ្តើមឯករាជ្យជូនជាតិមាតុភូមិ និងបានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាឡើងវិញ ក្នុង ឋានៈជាប្រជាជាតិឯករាជ្យ ដែលឈរស្មើមុខ, ស្មើសិទ្ធិ ជាមួយជាតិសាសន៍ដទៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាឆ្នាំនេះ នៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជអធិបតីភាព ព្រះមហាក្សត្រ។
សម្តេចបានបន្ថែមថា ក្រៅពីទទួល បានឯករាជ្យភាពនៅក្នុងផ្ទៃប្រទេស, ព្រះអង្គក៏ជាតួអង្គដ៏សំខាន់ ក្នុងការជំរុញសាមគ្គីភាពអន្តរ- ជាតិរវាងប្រទេសដែលទើបទទួលបានឯករាជ្យថ្មីៗ ក្នុងនាមជាបិតា ស្ថាបនិកមួយរូប នៃចលនាមិន ចូលបក្សសម្ព័ន្ធ ដើម្បីលើកស្ទួយសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិ លើពិភពលោក ក្នុងការកំណត់ នូវជោគវាសនាអនាគត និងមាគ៌ាដឹកនាំរបស់ប្រជាជាតិនីមួយៗ ។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ឯករាជ្យ និង សន្តិភាព ពុំមែនកើតឡើងដោយឯកឯងនោះទេ ។ ទាំងការទទួលបានឯករាជ្យ និង សន្តិភាពសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែង និង ការផ្តួចផ្តើម ដោយខ្មែរខ្លួនឯង ប្រកប ដោយឆន្ទៈមោះមុត និង ការលះបង់ខ្ពស់ ។ ក្នុងន័យនេះ, ក្នុងនាមជាកុល បុត្រខ្មែរ, អ្នកដឹកនាំ ជំនាន់ក្រោយ និង ប្រជាជនខ្មែរទាំងមូល, ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូម ប្ដេជ្ញាយកអស់កម្លាំង កាយចិត្ត ដង្ហែតាមស្នាព្រះហស្ថប្រវត្តិសាស្ត្រ និង គម្រូវីរភាពរបស់ ព្រះមហា វីរក្សត្រ ព្រះវរ រាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និង រួមគ្នាជាធ្លុងមួយ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ន ព្រះរាជាណាចក្រ កម្ពុជា បន្តពូនជ្រំ, ថែរក្សា និង ការពារឱ្យបានស្ថិតស្ថេរចិរកាលនូវ ឯករាជ្យ ភាព, អធិបតេយ្យ, សន្តិភាព និង ការអភិវឌ្ឍ និង អត្ថិភាពជានិរន្ដរ៍នៃជាតិខ្មែរ»។
សម្តេចបានបន្ថែមទៀតថា សម្តេចក៏ពុំដែលភ្លេចឡើយនូវព្រះរាជវត្តមាន ដែលមានអត្ថន័យ ជាប្រវត្តិ សាស្ត្ររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព, សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែ គង់ប្រថាប់នៅក្បែរ និង បានដង្ហែថ្វាយការគាំពារ និង គាំទ្រដល់ ព្រះមហាវីរក្សត្រ ព្រះបរមរតន កោដ្ឋ កាលព្រះអង្គគង់ព្រះជន្ម ក្នុងព្រះរាជបេសកកម្មដ៏ ឧត្តម ដើម្បីបុព្វហេតុជាតិ, មាតុភូមិ និង ប្រជារាស្ត្ររបស់ព្រះអង្គ ។
ជាមួយគ្នានេះដែរ, សម្តេចធិបតី សូមសម្តែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និង គារវកិច្ច ដ៏ស្មោះ ស្ម័គ្របំផុតថ្វាយ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល ព្រះអង្គនៅតែបន្តថែរក្សាស្នាព្រះ ហស្ថ និង ព្រះរាជសមិទ្ធផលដ៏ថ្លៃថ្លារបស់ ព្រះមហាវីរក្សត ព្រះវររាជបិតាជាតិខ្មែរ ជាពិសេស លើ ការពង្រឹងស្មារតីបង្រួបបង្រួមជាតិ, ឯកភាពជាតិ, ការការពាររក្សាសុខសន្តិភាព និង ការអភិវឌ្ឍ ។
សម្តេចក៏សូមសម្តែងនូវព្រះករុណាទិគុណ ថ្វាយ ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ដែលព្រះអង្គ ជានិច្ចកាល តែងតែប្រោសព្រះរាជទាននូវការគាំទ្រ និង សម្តែងព្រះហឫទ័យស្រលាញ់, លើកទឹក ចិត្ត ចំពោះអង្គព្រឹទ្ធសភា, រដ្ឋសភា និង រាជរដ្ឋាភិបាល ក្នុងការបំពេញតួនាទី និង កាតព្វកិច្ចបម្រើ ជាតិមាតុភូមិ ៕