(ប៉េកាំង)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បាននិយាយនៅថ្ងៃពុធនេះថា ចិនមានឆន្ទៈសហការជាមួយសហរដ្ឋអាមេរិក ហើយដោះសា្រយការខ្វែងគំនិតគ្នា របស់ពួកគេ និង ធ្វើការរួមគ្នាដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមជាសកល។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ក្នុងសារលិខិតមួយផ្ញើរទៅកាន់គណៈកម្មាធិការជាតិស្តី ពីទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន ដែលមានទីស្នាក់ការ នៅទីក្រុងញូវយ៉ក ក្នុងពិធីជប់លៀងប្រចាំ ឆ្នាំ លោក ស៉ី បានគូសបញ្ជាក់ថា «សហរដ្ឋអាមេរិក និងចិនអាចបង្កើតវិធីត្រឹមត្រូវដើម្បីអាចចុះ សម្រុងគ្នា បាន ឬអត់ គឺពិតជាមានសារៈសំខាន់ចំពោះពិភពលោក»។
ការអត្ថាធិប្បាយពីស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងចិន ដែលលោក ស៉ី និយាយថា គួរតែស្ថិតលើគោលការណ៍នៃការគោរពគ្នា ប្រកបដោយ សន្តិភាព និងកិច្ចសហប្រតិ បត្តិការឈ្នះ-ឈ្នះ នាពេលនេះ បានកើតឡើងមុនពេលមានដំណើរទស្សនកិច្ចដ៏សំខាន់របស់រដ្ឋមន្ត្រី ការបរទេស លោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ៕