រដ្ឋមន្ត្រីសុខាភិបាល ជួបពិភាក្សាជាមួយនាយកគម្រោង ATscale ពីសេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសិប្បនិម្មិត ជនពិការ


(ភ្នំពេញ)៖ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបជាមួយក្រុមការងារគម្រោង ATscale នៅកម្ពុជា ដឹកនាំដោយលោក Pascal Jeroen Bijleveld នាយកប្រតិបត្តិគម្រោង ATscale នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តម សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមការងារគម្រោង ATscale នៅកម្ពុជា ដែលបានរៀបចំគម្រោងចូលរួមគាំទ្រក្រសួងសុខាភិបាល លើសេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសិប្បនិម្មិត ដើមី្បជួយឲ្យជនមានពិការភាព រស់នៅប្រកបដោយសុខភាពល្អ មានផលិតភាព មានឯករាជ្យ សេចក្តីថ្លៃថ្នូ និងអាចចូលរួមក្នុងសកម្មភាពអប់រំបណ្តុះបណ្តាល ទីផ្សារ ការងារ និងសកម្មភាពជីវិតប្រចាំថ្ងៃបានជាប្រក្រតី។

លោក Pascal Jeroen Bijleveld នាយកប្រតិបត្តិគម្រោង ATscale លោកបានជម្រាបថា គម្រោង នេះបានរៀបចំឡើងដោយមានការពិគ្រោះយោបល់ជាច្រើនលើកជាមួយក្រុមការងារបច្ចេកទេសអន្តរក្រសួង ព្រមទាំងគ្រោងនឹងដាក់សម្ពោធនាពេលឆាប់ៗខាងមុខនេះ ព្រមទាំងសុំអញ្ជើញ ក្រសួងសុខា ភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចូលរួមជាអធិបតី។

លោកនាយកប្រតិបត្តិបានបន្ថែមទៀតថា គម្រោង ATscale នឹងចូលរួមអនុវត្តដោយអង្គការចំនួនបីគឺ Clinton Health Access Initiative (CHAI), Humanity and Inclusion (HI) and Cambodia Disabled People Organization (CDPO) ដោយមានការសម្របសម្រួល និងសហការជាមួយ ដៃគូអភិវឌ្ឍផ្នែកពិការភាពទាំងអស់ក្នុងប្រទេសកម្ពុជា ដែលគោលបំណងចំបងរបស់គម្រោងនេះគឺ ជួយដល់ការផ្ទេរសេវាស្ថារលទ្ធភាពពលកម្មពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មកក្រសួងសុខាភិបាល ព្រមទាំងគ្រោងជួយរៀបចំការងារជាបន្តទៀតផងដែរ។

ឯកឧត្តម សាស្ត្រាចារ្យរដ្ឋមន្ត្រី បាមឲ្យដឹងថា ក្រសួងសុខាភិបាល និងសហការគាំទ្រការផ្ទេរសេវាស្ដារ លទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសិប្បនិម្មិត ឧបករណ៍ជំនួយការស្តាប់ ដើមី្បជួយឲ្យជនមាន ពិការភាពរស់នៅប្រកបដោយសុខភាពល្អ។

ទន្ទឹមនឹងនេះ ATscale នឹងជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្នុងការផ្ទេរមុខងារ ភារកិច្ច ឯកសារគតិយុត្តិពាក់ព័ន្ធនានា និងជួយរៀបចំផែនការ ទាំងរយៈពេលខ្លី និងរយៈពេលវែង ដោយសហការជាមួយផ្នែកពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល។

លើសពីនោះក្រសួងនឹងពង្រីកសេវាសុខភាពបន្ថែមនៅតាមមូលដ្ឋានសុខាភិបាល គ្រប់លំដាប់ថ្នាក់ ដើម្បីគាំទ្រដល់ជនមានពិការភាពនិងកាត់បន្ថយបន្ទុកលំបាករបស់ពួកគាត់ក្រោមកិច្ចសហប្រតិបត្តិការរបស់គម្រោងខាងលើ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីសម្រេចបានដោយជោគជ័យនូវក្របខណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ដែលបានកំណត់នូវសកម្មភាពចំបងៗ សម្រាប់ការ អនុវត្ត ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរ មូលដ្ឋាន និងសហគមន៍ ដើម្បីឈានទៅសម្រេចបាន នូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕