(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោ សន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ»។
មន្ទីរពេទ្យ «តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើម សាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦ គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យ ប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ។
មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល (H3,H4,H5, H6 និង H7), អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េផងដែរ។
ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៃ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» ដែលជាសមិទ្ធ ផលសំខាន់ នៃវិស័យសុខាភិបាលកម្ពុជានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ នៃគោលនយោបាយយុទ្ធ សាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ផងដែរ។ កម្មវិធីអាទិភាពទី១នេះគឺការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល។ គោលនយោបាយអាទិភាពទាំង ៦ចំណុច របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបានដាក់ឱ្យ អនុវត្តជាបន្ទាន់ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលក្រីក្រ និងរងគ្រោះពិតប្រាកដ ក្នុងនោះរួមមាន៖
ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺនៅពេលមាន ជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។
ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះនឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។
ទី៣៖ពលរដ្ឋក្រីក្រនិងងាយរងគ្រោះនឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឲ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិរឿឫហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គមនិងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទី៤៖ អ្នកប្រកបរបរក្រៅប្រព័ន្ធនិងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថ ប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិឫហានិភ័យផ្សេងៗ។
ទី៥៖ ប្រជាកសិករនិងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេសគឺទទួលបាននូវការ ការពារតម្លៃកសិផលឲ្យបានសមរម្យ ដោយមិនឲ្យកសិករខាតបង់ឡើយ។
ទី៦៖រាជរដ្ឋាភិបាលនិងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំសង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្មនិងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ៕