ករណីស្លាប់យុវជនពីរនាក់ ត្រូវបានដឹងការពិតហើយ គឺស្លាប់បាត់បង់ជីវិតដោយសារឆក់ខ្សែភ្លើង

កោះកុង÷ ករណីអាយុជន ០២នាក់ដែលថាស្លាប់លង់ទឹកដោយខ្លួនឯង កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗ ដែលទៅលេងកំសាន្តនៅចំណុចដំរីសត្វភេ ស្ថិតក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានដឹងការពិតហើយ បន្ទាប់ពីស្នងការនគរបាលខេត្ត កោះកុងបានចេញសេចក្លឺបំភ្លឺព័ត៌មាន ។

យោងលើសេចក្តីបំភ្លឺព័ត៌មាន ក្រោយពីរកឃើញសពជនរងគ្រោះទាំងពីរនាក់ ក៏មានការចូលរួមពិនិត្យពីសមត្ថកិច្ច គ្រូ ពេទ្យមណ្ឌលសុខភាពជីផាត និងអាជ្ញាធរមូលដ្ឋាន ពិនិត្យទៅលើសាកសព ឈ្មោះ ហេង សុវណ្ណចាន់ពេជ្រ ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិសុវណ្ណសាគរ សង្កាត់កំពុងកណ្ដាល ក្រុងកំពត ខេត្ត កំពត។ និង ឈ្មោះ ខាន់ ប៊ុនណារ៉េត ភេទប្រុសអាយុ ២២ ឆ្នាំ មានទីលំនៅភូមិអង្គរកគី ឃុំពពែ ស្រុកត្រាំកក់ ខេត្តតា កែវ។
តាមការពិនិត្យរបស់គ្រូពេទ្យ និងសមត្ថ កិច្ចជំនាញ បានសន្និដ្ឋានថា សពទាំងពីរនាក់ ពិតជាស្លាប់ដោយសារលង់ទឹកដោយខ្លួនឯង មិនពាក់ព័ន្ធនឹងអំពើឃាត កម្មឡើយ។ ហើយក៏បានប្រគល់សាក សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើត។

យោងលើលិខិតបានឱ្យដឹងច្បាស់ថា
ដើម្បីបញ្ជាក់ឲ្យបានកាន់តែច្បាស់អំពីមូលហេតុស្លាប់របស់ជនរងគ្រោះទាំងពីរនាក់ខាងលើ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ លោកស្នងការ បានបង្កើតក្រុម ការងារចុះស្រាវជ្រាវស៊ើបអង្កេត ដល់ កន្លែងកើតហេតុ ។ ក្រោយពីចុះពិនិត្យកន្លែងកើតហេតុនិងសាវជ្រាវស៊ើបអង្កេតរបស់ក្រុមការងារដែលដឹកនាំដោយលោក អេង ចាន់តារ៉ា ព្រះរាជអាជ្ញារង បានរកឃើញថាមានតម្រុយ និងវត្ថុតាមបន្ថែម នៅក្នុងកំណត់ហេតុពិនិត្យសាកសព ឃើញមានស្នាមដាច់រលាត់ម្រាមដៃខាងឆ្វេងរបស់ឈ្មោះ ខាន់ ប៊ុនណារ៉េត ដែលជាជនរងគ្រោះ ក៏បានអញ្ជើញអ្នកពាក់ព័ន្ធ និងម្ចាស់ទីតាំង ឌុក វណ្ណី ភេទស្រីអាយុ ៣៦ ឆ្នាំ ជាជនជាតិខ្មែរ មុខរបរបើកកន្លែងទីតាំងផ្ទះទទួលភ្ញៀវទេសចរ ទើបដឹងថាជនរងគ្រោះដែលស្លាប់បាត់បង់ទាំងពីរនាក់ខាងលើ ត្រូវស្លាប់ដោយសារ ឆក់ខ្សែភ្លើង ដែលម្ចាស់ទីតាំងបានតខ្សែភ្លើងជាប់តាមខ្សែពូ ឆ្លងទៅត្រើយម្ខាងស្ទឹង ដើម្បីឲ្យកូនជាងកាត់ឈើធ្វើរោងសម្រាប់ផ្ញើម៉ូតូភ្ញៀវ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសាលាដំបូងខេត្តកោះកុង ចេញដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ២៩៧ ត.ព/២៣ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៣ ដោយលោក ប្រសើ រ៉ឌី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង៕ ដោយ សេន ពិសិដ្ឋ