ព្រះមហាក្សត្រ កោតសរសើរ សម្តេចតេជោ ហ៊ុន សែន ដែលផ្តួចផ្តើមឱ្យមានការរៀបចំសេចក្តីព្រាង រដ្ឋធម្មនុញ្ញ និងធ្វើដំណើរទៅឆ្លងព្រះរាជតម្រិះចុងក្រោយ ព្រះបរមរនតកោដ្ឋ នៅទីក្រុងព្រុងយ៉ាង


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ បានកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្តួចផ្តើមឱ្យមានការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ និងធ្វើដំណើរទៅទីក្រុងព្រុង យ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីឆ្លងព្រះរាជតម្រិះចុងក្រោយ ព្រះបរមរនតកោដ្ឋ។

ការមានព្រះបន្ទូលបែបនេះ បានធ្វើឡើងក្នុងឱកាសដែលព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យ ប្រើប្រាស់រដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។

ព្រះមហាក្សត្រ ទ្រង់បានអរគុណ និងកោតសរសើរជាទីបំផុតចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន សហ ស្ថាបនិកដ៏អស្ចារ្យប៉ិនប្រសប់ និងឈ្លាសវៃ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើការ​ផ្តួចផ្តើមឱ្យមានការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ឡើងមក។

ព្រះអង្គបានមានព្រះបន្ទូលថា ក្រោយសេចក្តីព្រាងបានរៀបចំរួចរាល់ហើយ គណៈប្រតិភូជាន់ខ្ពស់ មួយ ដែលមានការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ មានឥស្សរជនមួយចំនួន ជាក្រុម ប្រឹក្សាអ្នកច្បាប់ ក្នុងខែសីហា ឆ្នាំ១៩៩៣ បានធ្វើដំណើរទៅព្រះរាជដំណាក់នៅទីក្រុងព្យុងយ៉ាង នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដើម្បីឆ្លងព្រះរាជតម្រិះចុងក្រោយ អំពី ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ «ព្រះករុណា ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះអង្គបានមានព្រះបន្ទូលបន្តថា ពេលបានទទួលការប្រោសព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត ដែលឆ្លង រួចហើយ នោះក៏បានយកសេចក្ដីព្រាងរដ្ឋធម្មនុញ្ញនេះ មកឆ្លងការអនុម័តរបស់សភាធម្មនុញ្ញ នៅថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ទើបកើតចេញជារដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិរហូតមកដល់ បច្ចុប្បន្ន និងបន្តទៅមុខទៀត ដែលត្រូវបានគោរពនិងប្រតិបត្តិតាមច្បាប់កំពូលនេះរហូតមក ដែល យើងទាំងអស់គ្នា កំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំជាទិវាប្រកាសរដ្ឋធម្មនុញ្ញ។ ហើយសភាធម្មនុញ្ញបានត្រឡប់មកជារដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មក។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះបន្ទូលបន្ថែមថា សហស្ថាបនិកនេះ ជា ឥស្សរជនកំពូលនៃជាតិយើង ដែលព្រះអង្គបាន រៀបរាប់ខាងលើនេះ ហើយឥស្សរជនដទៃទៀតខ្លះ ក៏នៅមានជីវិតរស់នៅ ហើយឥស្សរជនខ្លះទៀតក៏បានចូលទិវង្គត និងទទួលមរណភាពរួចទៅ ហើយ។ ព្រះអង្គសូមគោរពចំពោះព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធរបស់ឥស្សរជនទាំងនោះ សូមអញ្ជើញទៅកាន់សុគតិភពកុំបីខាន។

ព្រះអង្គសូមឆ្លៀតយកឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ ដើម្បីសម្តែងនូវការកោតសរសើរ និងដឹងគុណ ចំពោះបញ្ញវ័ន្ត បញ្ញវន្តីផ្នែកច្បាប់ជាតិ និងអន្តរជាតិគ្រប់រូប ដែលបានខិតខំប្រឹងប្រែងប្រកបដោយការ លះបង់ខ្ពស់ ជួយរៀបចំតាក់តែងសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញជាតិនេះកាលពី៣០ឆ្នាំមុន។ ក្នុងចំណោមបញ្ញវន្ត បញ្ញវន្តីផ្នែកច្បាប់ជាតិ និងអន្តរជាតិទាំងនោះ មានខ្លះបាន ទទួលមរណភាព ទៅកាន់លោកខាងមុខហើយ។ ព្រះអង្គសូមអធិដ្ឋានបួងសួងសូមវិញ្ញាណក្ខន្ធន មតកទាំងនោះ បានអញ្ជើញទៅកាន់សុគតិភពកុំបីខាន។

ជាមួយគ្នានេះដែរ ព្រះអង្គមានជំនឿយ៉ាងមុតមាំថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័ន ជាតិ នឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បី ធានាដល់កិច្ច អភិវឌ្ឍន៍ប្រជាជាតិយើង ឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្លាយ ជាប្រទេសរីកចម្រើនរឹងមាំ ប្រជារាស្ត្រខ្មែរមានជីវភាពធូរធារសម្បូណ៍រុងរឿង រស់ក្នុងសុខ សន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តទៅ៕