មនុស្ស ១១២នាក់ ស្លាប់ក្នុងការវាយប្រហារដោយយន្ដហោះដ្រូន លើសាលាយោធាមួយ នៅស៊ីរី

(បេរូត)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ ២០២៣ អោយដឹងថា អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (Syrian Observatory for Human Rights) បានឱ្យដឹងថាការវាយប្រហារដោយយន្តហោះដ្រូនលើ សាលាយោធាមួយក្នុងប្រទេសស៊ីរី បានសម្លាប់មនុស្សយ៉ាងហោច ១១២នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។

តាមការឱ្យដឹងពីអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មានមូលដ្ឋានក្នុងចក្រភពអង់គ្លេស មនុស្ស ១១២ នាក់ ក្នុងនោះរួមមានជនស៊ីវិល ២១នាក់ ហើយ ដែលក្នុងចំណោមជនស៊ីវិលទាំងនេះទៀតសោត មាន១១នាក់ជាស្ត្រី និងក្មេងស្រី ត្រូវបានសម្លាប់ ក្នុងការវាយដោយយន្ដហោះដ្រូនបំពាក់គ្រឿង ផ្ទុះលើ សាលាយោធាមួយស្ថិតក្នុងខេត្ត Homs។ ចំណែក កងទ័ពស៊ីរី ក៏បានចេញសេចក្ដីថ្លែង ការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី SANA ដែរថា ការវាយប្រហារនេះគឺជាទង្វើរបស់ពួក ភេរវករដែលមានគោលដៅលើកម្មវិធីបញ្ចប់ការសិក្សាសម្រាប់ក្រុមមន្ត្រីនៃសាលាយោធា។ តែមិនទាន់មានក្រុម ណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារនេះនោះទេ។

គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីសុខាភិបាលស៊ីរី មនុស្សជាង ២៤០នាក់ក៏បានរងរបួសនៅក្នុងការវាយ ប្រហារនោះដែរ ហើយរដ្ឋាភិបាលស៊ីរីបានប្រកាស កាន់ទុក្ខរយៈពេល ៣ថ្ងៃ ដោយចាប់ផ្ដើមនៅ ថ្ងៃសុក្រនេះទៅ៕