មន្ទីរបញ្ចកោណ អះអាងថាយន្ដហោះចម្បាំងអាមេរិក បាញ់ទម្លាក់យន្ដហោះដ្រូនតួកគី នៅស៊ីរី

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាសហរដ្ឋអាមេរិកបានបាញ់ទម្លាក់ យន្ដហោះដ្រូនប្រដាប់អាវុធ មួយគ្រឿងរបស់តួកគី ដែលធ្វើប្រតិបត្តិការនៅក្បែរទីតាំងរបស់កងទ័ពអាមេរិកក្នុងប្រទេសស៊ីរី។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានឱ្យដឹងថាយន្ដហោះ ដ្រូនតួកគីបានធ្វើប្រតិបត្តិការនៅជាយ ទីក្រុង Hasakah ក្នុងប្រទេសស៊ីរី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយស្ថិតនៅចម្ងាយត្រឹម ១គីឡូម៉ែត្រប៉ុណ្ណោះពីកងទ័ពអាមេរិក។ លោកបន្ថែមថាប៉ុន្មានម៉ោងក្រោយមកយន្ដហោះដ្រូននេះស្រាប់តែហោះមកក្បែរប្រហែលចម្ងាយជាង ៥០០ម៉ែត្រ ពីកងទ័ពអាមេរិក ហើយ នេះត្រូវបានចាត់ទុកថាការគំរាមកំហែងដែលតម្រូវឱ្យយន្ដ ហោះចម្បាំង F-16 បាញ់ទម្លាក់យន្ដហោះដ្រូននេះ។

យ៉ាងណាក៏ដោយ ខាងមន្ត្រីម្នាក់មកពីក្រសួងការពារជាតិតួកគី បានអះអាងថាយន្ដហោះដ្រូនដែល ត្រូវបានបាញ់ទម្លាក់នោះមិនមែន ជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធតួកគីនោះទេ ហើយក៏មិន បានបញ្ជាក់ថាកម្មសិទ្ធិរបស់នរណានោះដែរ។ ប៉ុន្តែ បើជាការពិតមែន នោះវានឹងក្លាយជាលើកដំបូង បំផុតដែលសហរដ្ឋអាមេរិកបាញ់ទម្លាក់យន្ដហោះដ្រូនរបស់ប្រទេសជាសម្ព័ន្ធមិត្ត NATO ដូចជា តួកគី៕