(ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបលោកស្រី Liurka Rodríguez Barrios ឯកអគ្គ រដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម រដ្ឋលេខាធិការ និងលោកស្រីឯកអគ្គរដ្ឋទូតបាន គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ លោក Miguel Díaz-Canel Bermúdez ប្រធានាធិបតីនៃសាធារណរដ្ឋគុយបា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ជាថ្មីម្ដងទៀត ឯកឧត្តម រដ្ឋលេខាធិការ និងលោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើរដោយពេញ ចិត្តចំពោះការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេ ភាគី និងពហុភាគី ហើយបានពិភាក្សាអំពីលទ្ធភាពក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាង ប្រទេសទាំងពីរ ជាពិសេសអំពី ការរៀបចំកិច្ចពិគ្រោះយោបល់ ទ្វេភាគីលើកទី៣ រវាងក្រសួង ការបរទេសទាំងពីរ៕