(តៃប៉ិ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បញ្ជាក់ថា ក្រសួងការពារជាតិ តៃវ៉ាន់ បាននិយាយថាយន្ដហោះចម្បាំងចិន ៦៨គ្រឿង និងនាវាចម្បាំង១០គ្រឿង បានធ្វើសកម្ម ភាពនៅក្បែរដែនកោះ របស់ខ្លួន ក្នុងរយៈពេលត្រឹមមួយថ្ងៃ។
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះ ក្រសួងការពារជាតិ តៃវ៉ាន់បានគូសបញ្ជាក់ដូច្នេះថា «យន្ដហោះចម្បាំង ៦៨គ្រឿង និងនាវាចម្បាំង១០គ្រឿងរបស់កង ទ័ពរំដោះប្រជាជនចិន បានធ្វើសកម្មភាពនៅជុំវិញកោះតៃវ៉ាន់ នៅចន្លោះពីថ្ងៃពុធ ដល់ព្រឹកថ្ងៃ ព្រហស្បតិ៍នេះ»។
សូមបញ្ជាក់ថា ការអះអាងខាងលើរបស់តៃវ៉ាន់ ធ្វើឡើង បន្ទាប់ពីទីក្រុងតៃប៉ិ កាលពីថ្ងៃពុធ បាន និយាយថាយន្ដហោះចម្បាំងចិន ៣៥គ្រឿង បានហោះ ចូលក្នុងដែនកំណត់អត្តសញ្ញាការពារ ដែនអាកាសរបស់ខ្លួនដោយក្នុងនោះមានយន្ដហោះចម្បាំងមួយចំនួនបានចូលរួមក្នុងការធ្វើសមយុទ្ធជាមួយ នាវាផ្ទុកយន្ដហោះចម្បាំងសានទុង (Shandong) ក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច៕