(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសន្យានៅថ្ងៃពុធនេះថា នឹងបញ្ចប់ការកាន់កាប់របស់រុស្ស៊ីលើតំបន់គ្រីមៀ និងតំបន់ដែលគ្រប់គ្រងដោយម៉ូស្គូផ្សេងទៀតទាំងអស់របស់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
លោក Zelensky បាននិយាយនៅក្នុងសន្និសីទអន្តរជាតិស្តីពីតំបន់គ្រីមៀ ដែលមានការចូលរួមពី តំណាងប្រទេសជាង ៦០ និងអង្គការអន្តរជាតិនានាថា «គ្រីមៀ និងតំបន់ផ្សេងទៀតទាំងអស់របស់ អ៊ុយក្រែន នឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនឡើងវិញ ដែលជាអកុសលបច្ចុប្បន្ននេះកំពុង ស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៉ី»។
លោកបានបន្ថែមថា កងកម្លាំងអ៊ុយក្រែនកំពុងបន្តទៅមុខ ជាមួយនឹងការវាយបកប្រឆាំងដែលធ្វើ ឡើងកាលពីដើមខែមិថុនា។ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ទន្ទឹមគ្នានេះ លោកក៏មិនបានកំណត់ពេលវេលាសម្រាប់អ៊ុយក្រែន ក្នុងការគ្រប់គ្រងគ្រីមៀឡើងវិញនោះដែរ។
លោក Zelensky បាននិយាយទៀតថា នៅពេលដែលតំបន់គ្រីមៀត្រលប់ទៅស្ថិតក្រោមការគ្រប់ គ្រងរបស់អ៊ុយក្រែនវិញ នោះវានឹងក្លាយជាផ្នែកមួយនៃសេដ្ឋកិច្ចអ៊ុយក្រែន ហើយក៏ជាផ្នែកមួយ នៃសេដ្ឋកិច្ចពិភពលោកផងដែរ។
លោកបានមានប្រសាសន៍ដូច្នេះថា «ថ្ងៃនេះយើងកំពុងបោះជំហានសេដ្ឋកិច្ចដំបូង។ យើងកំពុងចុះហត្ថលេខាលើឯកសារដំបូង ជាមួយក្រុមហ៊ុនដែលត្រៀមរួចជាស្រេច ដើម្បីចូលទៅ ក្នុងតំបន់គ្រីមៀ…»។
ទោះយ៉ាងណា លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីឯកសារនោះទេ ប៉ុន្តែបានលើកឡើងពីក្រុម ហ៊ុនមួយចំនួន ដែលលោកបាននិយាយថា ត្រៀមខ្លួនរួចជាស្រេចក្នុងការវិនិយោគនៅតំបន់គ្រីមៀង បន្ទាប់ពីការបញ្ចប់ការគ្រប់គ្រងរបស់រុស្ស៊ី រួមមានដូចជាក្រុមហ៊ុន Ryanair, Vodafone, Nokia និង IBM ជាដើម៕