ចិន៖ មនុស្ស១១នាក់ស្លាប់ និង២៧នាក់បាត់ខ្លួន ក្រោយព្យុះភ្លៀងវាយប្រហារទីក្រុងប៉េកាំង

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោច១១នាក់បានស្លាប់ និង២៧នាក់បានបាត់ខ្លួន បន្ទាប់ពីព្យុះភ្លៀងយ៉ាងខ្លាំងក្លា បានវាយប្រហារលើរដ្ឋធានីប៉េកាំងនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។

ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមវាយលុកទីក្រុងប៉េកាំងនិងតំបន់ជុំវិញ តាំងតែពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយទឹកភ្លៀងស្មើនឹងកម្រិតជាមធ្យមនៃភ្លៀងពេញមួយ​ខែកក្កដា បានធ្លាក់ទៅលើរដ្ឋធានីរបស់ចិន ក្នុងរយៈពេលត្រឹមតែ៤០ម៉ោងប៉ុណ្ណោះ។ នៅថ្ងៃអង្គារនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានធ្វើបច្ចុប្បន្នភាព តួលេខដែលបានបាត់បង់ជីវិត ក្នុងទីក្រុងប៉េកាំង ដោយបានរាយការណ៍ថា ការធ្លាក់ភ្លៀងខ្លាំងបានសម្លាប់មនុស្សយ៉ាងហោច១១នាក់ហើយ ខណៈ២៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន៕