សហរដ្ឋអាមេរិក បញ្ជាឲ្យបុគ្គលិករដ្ឋាភិបាល និងក្រុមគ្រួសារចាកចេញពីប្រទេសហៃទី ក្រោមហេតុ ផលសុវត្ថិភាព

(វ៉ាស៉ីនតោន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានបញ្ជាដល់បុគ្គលិករដ្ឋាភិបាលដែលគ្មានកិច្ចការចាំបាច់ និងសមាជិកគ្រួសាររបស់ ពួកគេចាកចេញពីប្រទេសហៃទីឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយលើកឡើងពីការចាប់ជំរិត ឧក្រិដ្ឋកម្ម ភាពចលាចលស៉ីវិល និងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពមិនល្អ។

ក្រសួងការបរទេស ក៏បានប្រាប់ដល់ពលរដ្ឋអាមេរិកដែលកំពុងស្ថិតនៅទីនោះ ឲ្យចាកចេញផងដែរ ដោយប្រើប្រាស់រយៈមធ្យោបាយសាធារណៈ ឬឯកជន តាមដែលអាចធ្វើទៅបាន។ នៅក្នុងគេហទំព័រណែនាំដំណើរកម្សាន្ត ក្រសួងការបរទេសបានគូសបញ្ជាក់ថា «ការចាប់ជំរិតកំពុង រីករាលដាល ហើយមានជនរងគ្រោះជាប្រចាំក្នុងនោះរួមទាំងពលរដ្ឋអាមេរិក។ អ្នកចាប់ជំរិតអាចប្រើផែនការដ៏មានឥទ្ធិពល ឬឆ្លៀតឱកាសណាមួយ ហើយសូម្បីតែក្បួនរថយន្តរបស់ មន្រ្តីក៏រងនូវការវាយប្រហារដែរ»

សូមបញ្ជាក់ថា ហៃទី ដែលជាប្រទេសក្នុងតំបន់ការីបៀន មិនបានបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នោះទេ ចាប់តាំងពីប្រធានាធិបតី លោក ចូវ៉េណេល ម៉ូស (Jovenel Moïse) ត្រូវបានគេធ្វើឃាត កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២១។ ហៃទី បានតស៊ូទប់ទល់នឹងអំពើហិង្សា ភាពចលាចល ក្រុម ក្មេងទំនើងប្រើប្រាស់អាវុធ ជំរុញឲ្យមានវិបត្តិមនុស្សធម៌ដែលធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួន៕