(ឡុងដ៍)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ ២០២៣ អោយដឹងថា អតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev បានឱ្យដឹងនៅថ្ងៃអង្គារ សប្ដាហ៍នេះថាមានទាហានជាប់កិច្ចសន្យាថ្មីចំនួន ១៨៥,០០០នាក់ បានចូលរួម ជាមួយកងទ័ពរុស្ស៉ី ក្នុងនាមជាកងទ័ពអាជីពជាប់កិច្ចសន្យា ចាប់តាំងពីដើមឆ្នាំ២០២៣មក ខណៈទីក្រុងមូស្គូកំពុង បង្កើនចំនួនយោធារបស់ខ្លួនឡើងវិញ ដែលបានបាត់បង់ ក្នុងសង្រ្គាមនៅអ៊ុយក្រែន។
កាលពីឆ្នាំ២០២២ រុស្ស៉ីបានប្រកាសពីផែនការបង្កើនចំនួនកងកម្លាំងប្រដាប់អាវុធឱ្យដល់ ១.៥លាន នាក់ ឬកើនឡើង ៣០ភាគរយ ជាមួយការផ្សព្វផ្សាយទាក់ទាញប្រជាជន ឱ្យស្ម័គ្រចិត្តចូលបម្រើ ក្នុងជួរកងទ័ព។ ដោយផ្អែកលើតួលេខទទួលបានពីក្រសួងការពារជាតិរុស្ស៉ី លោក Medvedev បានបញ្ជាក់ថាគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៤ ខែកក្កដានេះ មានមនុស្សជាង ១៨៥,០០០ នាក់ បានចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធ ហើយក្នុងចំណោមពួកគេមាន ១០៩,០០០នាក់ គឺជាកងទ័ពបម្រុង៕