(បន្ទាយមានជ័យ)៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ តំណាងសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបូកសរុបលទ្ធ ផលការងារអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំ ត្រីមាសទី២ ទិសដៅត្រី មាសទី៣ ឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ, ឯកឧត្តម អាត់ ខែម អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត កង កម្លាំង ប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុក ការិយាល័យជំនាញ អធិការនគរ បាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ ។
នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍ពីលទ្ធផលនៃការគ្រប់ គ្រងដឹកនាំកិច្ចការរដ្ឋបាល និងការអភិវឌ្ឍលើគ្រប់វិស័យ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន និងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ប្រចាំត្រីមាសទី២ និងទិសដៅការងារត្រីមាសទី៣ ឆ្នាំ២០២៣។
ឯកឧត្តម ផាន់ ចាន់ធុល បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំងអស់ ត្រូវខិត ខំបន្ដពុះពារអនុវត្តឱ្យបានល្អ នៅក្នុងឆ្នាំ២០២៣នេះ ជាពិសេសធានាឱ្យបាននូវការបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ដ្រ និតិកាលទី០៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ឱ្យប្រព្រឹត្តិទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជោគជ័យ និងត្រូវបន្តរួមគ្នាសាងអំពើល្អ និងបន្តរួមគ្នាដោះស្រាយនូវសេវាសាធារណៈឱ្យបានទាន់ពេលវេលា រហ័ស និងមានប្រសិទ្ធិភាព ជូនដល់ប្រជាពលរដ្ឋ កៀគរវិនិយោគទុន ការពារធនធានធម្មជាតិ ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និង បង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមតំបន់ព្រំដែន។
នៅក្នុងកិច្ចប្រជុំ លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ចំនួនដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងដូចជា៖
ទី១៖ ពង្រឹងនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពតាមមូលដ្ឋាន គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ គ្មានការ ផលិត ការចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់
ទី២៖ ត្រូវខិតខំពង្រឹងសមត្ថិភាព កម្លាំងប្រជាការពារ បំផុសស្មាតី និងជួយឧបត្ថម្ភសម្ភារៈផ្សេងៗ
ទី៣៖ គ្រប់គ្រងសកម្មភាពមេខ្យល់នាំពករឆ្លងដែនខុសច្បាប់ គ្មានអំពើអនាចារ ការជួញដូរស្ត្រីនិង កុមារ និងអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
ទី៤៖ ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបង្រៀននៅតាមមូលដ្ឋាន តាមសាលារៀន ឱ្យយល់ពីច្បាប់ ចរាចរណ៍ដើម្បីកាត់បន្ថយ នៃអត្រាគ្រោះថ្នាក់ផ្សេងៗ
ទី៥៖ រួបរួម និងកៀរគរចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តគោលនយោបាយនេះ ឱ្យមានប្រសិទ្ធភាព
ទី៦៖ ធ្វើចលនាគាំទ្រនៅគោលនយោបាយភូមិឃុំ មានសុវត្ថិភាព
ទី៧៖ ចាត់តាំងឱ្យមានការប្រឡងប្រណាំងនៅតាមមូលដ្ឋាន ពីភូមិឃុំ មានសុវត្ថិភាពនៅតាមឃុំ សង្កាត់រៀងខ្លួន
និងទី៨៖ ពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ជាមួយគ្នានេះ ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្តម ផាន់ ចាន់ធុល បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ ដែលបានសហការចូលរួមថែរក្សា ការពារ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ហើយធានាបាន នូវសុវត្ថិភាពយ៉ាងល្អប្រសើរ៕