(ភ្នំពេញ)៖ បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន លេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រាប់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះថា យុទ្ធនា ការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជាឆ្នាំ២០២៣ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី១ ខែមិថុនា ២០២៣ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ បានបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ផ្តល់ឱ្យមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាជាង ២លានដុល្លារពីសប្បុរសជនជាង ២២ម៉ឺននាក់។
ឯកឧត្តម បណ្ឌិតបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជាឆ្នាំ២០២៣ ជាយុទ្ធនាការដ៏សំខាន់មួយ ក្នុងចំណោមយុទ្ធនាការនានា របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានការ ចូលរួមយ៉ាងច្រើនកុះករពីសារធារណជន, ក្រសួង-ស្ថាប័នរដ្ឋ, គ្រឹះស្ថានឯកជន, សារព័ត៌មានជាតិ-អន្តរជាតិ, បុគ្គលមានប្រជាប្រិយជាច្រើន។ មិនត្រឹមតែបានចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ប៉ុណ្ណោះទេ, ពួកគាត់ថែមទាំងបានចូលរួមផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំ ទូលាយទៀតផង។
ឯកឧត្តម បញ្ជាក់ដូច្នេះថា «ក្នុងរយៈពេល១ខែនេះ យើងទទួលបានថវិកាបិរច្ចាគចំនួនជាង ២លាន ដុល្លារ (ទាំងការបរិច្ចាគដោយផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផា និងការបរិច្ចាគតាមបណ្ដាញធនាគារ ចល័តជាដៃគូរបស់មូលនិធិ) ពីសប្បុរសជនជាង ២២ម៉ឺននាក់។ ពាក់ព័ន្ធនឹងការបែងចែកថវិកាទទួលបានពីការបរិច្ចាគនេះ, ខ្ញុំអាចបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា ជាចន្ទុលផ្នែកហិរញ្ញវត្ថុមួយ សម្រាប់គាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ជាមួយចន្ទុលមួយទៀតគឺ មូលនិធិគន្ធ បុប្ផាស្វីស។ ដូចច្នេះ ថវិកាដែលទទួលបានពីការបរិច្ចាគ មិនថាពីយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ នេះ ឬពីការបរិច្ចាគនានានោះទេ ត្រូវបានដាក់នៅក្នុងពាងរួមមួយ របស់មូលនិធិ រួចធ្វើការផ្ទេរជូនមន្ទីរ ពេទ្យគន្ធបុប្ផា តាមតម្រូវការចាំបាច់»។
ឯកឧត្តម បណ្ឌិតបានបន្ថែមថា មានកក្តាធំៗចំនួន២ ដែលអាចជំរុញឱ្យយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានការចូលរួមយ៉ាងផុសផុលពីមហាជន និងអាចទទួលបានជោគជ័យជាទី មោទកៈ គឺ១). ទឹកចិត្តដ៏ធំធេងនៃការចូលរួមចំណែក ក្នុងការងារមនុស្សធម៌របស់ពលរដ្ឋខ្មែរ ដើម្បី រួមគ្នាផ្ដល់ភាពញញឹមដល់កុមារនៅកម្ពុជា តាមរយៈការរក្សាឱ្យខាងតែបាននូវនិរន្តរភាព នៃកិច្ច ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសនៅពេលដែលពួកគាត់មានជីវភាពប្រសើរឡើង, ២). ការខិតខំរបស់ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា តាមការចង្អុលបង្ហាញរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា បរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងមានកិច្ចសហការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ពីសំណាក់សារព័ត៌មានជាតិ-អន្តរជាតិ ក៏ដូចជាការផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ដោយ បុគ្គលមានប្រជាប្រិយជាច្រើនផងដែរ។ បន្ថែមលើចំណុចទាំង២ខាងលើ, ការខិតខំ និងយកចិត្តទុក ដាក់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យ គន្ធបុប្ផា ក្នុងការរួមគ្នាផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារនៅកម្ពុជា ប្រកបដោយគុណភាព នាពេលកន្លងមក ក៏ជាកត្តារួមចំណែកដ៏សំខាន់ ក្នុងការធ្វើឱ្យយុទ្ធនាការនេះទទួលបានជោគជ័យ។
មូលនិធិគន្ធបុប្ផាកម្ពុជា ជាមូលនិធិជាតិតែមួយគត់ ដែលត្រូវបានបង្កើតនិងដាក់ឱ្យដំណើរការជាផ្លូវ ការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយមានសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស ក្នុងគោលបំណងរួមគ្នាជាមួយមូល និធិគន្ធបុប្ផាស្វីស ក្នុងការធ្វើជាចន្ទុលផ្នែកហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាន និងកំពុង ពិនិត្យ និងព្យាបាលកុមារ រាប់លាននាក់នៅកម្ពុជា ប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមាន ការរើសអើង។ មូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធីគន្ធបុប្ផាស្វីស នឹងនៅតែរួមគ្នាជួយរក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ស្របតាមការតាំងចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជាមួយគ្នានេះ ក្នុងនាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនរ័ត្ន, បណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការ ដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណគ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និង សប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ ចំពោះការចូលរួមសហការផ្សព្វ ផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» និងចូលរួមបរិច្ចាគនាពេលកន្លងមក យ៉ាងផុសផុល ដើម្បីរួមគ្នាជួយសង្រ្គោះកុមារនៅកម្ពុជា។ ថវិកាបរិច្ចាគរបស់លោកអ្នកពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។
លោកក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាសប្បុរសជន សូមបន្តចូលរួមជា មួយមូលនិធិគន្ធបប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ទោះបីជាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក៏ដោយ ព្រោះការពិនិត្យ និងព្យាបាល កុមារនៅមន្ទីរពេទ្យគន្ធបុប្ផានៅតែបន្ត ដែលមានន័យថា មន្ទីរពេទ្យគន្ធបុប្ផា នៅតែត្រូវការថវិកាជា ប្រចាំប្រមាណ ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ ឬ ៤០លានដុល្លារ អាមេរិក ក្នុង១ឆ្នាំ ដើម្បីបន្តប្រតិបត្តិការ មនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា៕