(កោះកុង)៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការក ណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង។
នាឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សមាជិក-សមាជិកាគណបក្ស ប្រជាជនកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ខាងមុខ នេះ គឺដើម្បីបង្ហាញនូវស្មារតីមោះមុត, បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ និងឥទ្ធិពលដ៏ខ្លាំងក្លារបស់ទ័ព ជំរំទេវតា ក្នុងធ្លុងមហាសាមគ្គីជាតិ ដើម្បីបុព្វហេតុជាតិ និងប្រជាជន ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមជាសកម្មជនយុវជនបក្ស, យើងម្នាក់ៗ មានភារកិច្ចចូលរួមចំណែកធានានិរន្តភាពយូរអង្វែងរបស់គណបក្ស ដែលសព្វថ្ងៃជាគណបក្សធំ មានសមាជិកគ្រួសារច្រើន និងកំពុងកាន់អំណាច ដោយមានការទទួលខុសត្រូវខ្ពស់ចំពោះជោគ វាសនារបស់ជាតិមាតុភូមិ។
ជាមួយគ្នានេះដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បម្រើឱ្យគោលដៅនេះ, ក្រុមការ ងារយុវជនគណបក្សគ្រប់ថ្នាក់ បានរៀបចំពង្រឹងរចនាសម្ព័ន្ធ-អង្គការចាត់តាំងកាន់តែរឹងមាំ ព្រម ជាមួយនឹងការបែងចែកភារកិច្ច និងការទទួលខុសត្រូវច្បាស់លាស់ ដោយរក្សាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ ហើយក៏តែងធ្វើសកម្មភាព ដោយឈរលើគោលការណ៍សំខាន់៣ គឺទី១៖ ការទទួលខុសត្រូវ ដោយទទួលខុសច្រើនជាងត្រូវ; ទី២៖ ការអនុវត្តសិទ្ធិអំណាចដើម្បីសម្រេចការ ទទួលខុសត្រូវ និងទី៣៖ ការទទួលបានគុណសម្បត្តិស្មើគ្នា ប្រសិនបើការងារសម្រេចលទ្ធផលល្អ ហើយក្នុងករណីមានលទ្ធផលអវិជ្ជមាន គឺអ្នកដឹកនាំជាអ្នកត្រូវទទួលខុសត្រូវ ។ មួយវិញទៀត ក្នុងនាមជាអ្នកដឹកនាំសកម្មជនយុវជនបក្ស យើងក៏ត្រូវផ្តល់ការធានាគាំទ្រទាំងផ្នែកស្មារតី និងសម្ភារ ព្រមទាំងការលើកទឹកចិត្តដល់សកម្មជនយុវជនបក្ស សំដៅជំរុញប្រសិទ្ធភាពនៃការបំពេញតួនាទី ក្នុងនាមជាជំនួយការរបស់គណបក្ស ក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវ របស់គណបក្ស។
ឯកឧត្តម បណ្ឌិត បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា រក្សាបាននូវប្រៀបឈ្នះជាប់ជាប្រចាំ ដោយសារការចិញ្ចឹមចលនារស់រវើក, ការបម្រើប្រជាជនប្រកបដោយទឹកចិត្តស្មោះសរ និងការតម្កល់ ផលប្រយោជន៍ប្រជាជនជាធំក្នុងគ្រប់កាលៈទេសៈ រាប់ចាប់តាំងពីពេលដែលបក្សត្រូវបានបង្កើត ឡើងមកម្ល៉េះ។
ក្នុងន័យនេះ សកម្មជនយុវជនបក្សត្រូវបន្តនូវស្មារតី និងសកម្មភាពរបស់យុវជនរៀមច្បង តាមរយៈ ភារកិច្ចសំខាន់ចំនួន ៣រួមមានទី១៖ ថែរក្សាសមិទ្ធផលវិជ្ជមានដែលយុវជនរៀមច្បងបានកសាង ឡើង, ទី២៖ ខិតខំប្រឹងប្រែងកសាងសមិទ្ធផលវិជ្ជមានបន្ថែមទៀត និងទី៣៖ រៀបចំមូលដ្ឋានឱ្យបាន កាន់តែរឹងមាំដើម្បីផ្ទេរបន្តទៅឱ្យយុវជនជំនាន់ក្រោយ៕