កោះកុង៖ ព្រៃឈើមានមុខងារ២យ៉ាង ទី ១ ជាផលិតផល និងទី២ ជាមុខងារ ក្នុងន័យនេះព្រៃឈើបានផ្តល់អនុផលព្រៃឈើ ឈើសម្រាប់ប្រើប្រាស់ ឱសថជាដើម និងក្រៅពីនេះវានៅមានមុខងារជួយស្រូបទឹកក្នុងដី ជួយទប់ការហូរច្រោះ ពិសេសការស្រូបឧស្ម័នកាបូនិចពីបរិយាកាស ដែលជួយឱ្យយើងអាចលក់កាបូនបាន សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពិធីបញ្រ្ជាបចំណេះដឹងបរិស្ថាន ស្តីពីការការប្រែប្រួលអាកាសធាតុ និងកម្មវិធីរេដបូកជាតិនៅកម្ពុជា ជាមួយអ្នកសារព័ត៌មាន នាថ្ងៃចន្ទ ទី ២៦ ខែមិថុនា ឆ្នាំ ២០២៣ នៅមន្ទីរបរិស្ថានខេត្តកោះកុង។
លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានលើកឡើងថា រេជបូក
ជាយន្តកាមួយ បានជួយផ្ដល់ជាមូលនិធិសាកល ដើម្បីគាំទ្រការអភិរក្សព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ការពារធម្មជាតិផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តកោះ កុងបានល្អប្រសើរ។ ក្រៅពីនេះក៏បានជួយដល់ការអភិវឌ្ឍដោយចីរភាព សម្រាប់សហគមន៍មូលដ្ឋាន ដូចជាផ្ដល់ធុងទឹកប្រព័ន្ធទឹកស្អាត ការកសាងហេដ្ឋារចនា សម្ព័ន្ធ មួយចំនួនក្នុងមូលដ្ឋាន។
រេដបូក (REDD+: Reducing Emission from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់។ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និងជាប្រធានលេខាធិការដ្ឋានកម្មវិធីរេដបូកជាតិ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាពីការលក់ឥណទានកាបូន ក្នុងគម្រោងចំនួនពីរ នៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគីរី និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្រ្តខេត្តកោះកុង។ ឯកឧត្តម បានបញ្ជាក់ថា មុននឹងទទួលបានឥណទាន កាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេង ៗដែលរាជរដ្ឋាភិបាលកម្ពុជា អនុវត្តដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។ ការសម្រេចទិញឥណទានកា បូនពីកម្ពុជារបស់ក្រុមហ៊ុននានាគឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធន ធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នកសម្របសម្រួលកម្មវិធី បានបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែលកម្មវិធីបញ្ជ្រាបចំណេះដឹងបរិស្ថានបានរៀបចំឡើង ជាពិសេសជា មួយអ្នកសារព័ត៌មាន ដើម្បីពង្រឹងសមត្ថភាពក្នុងការផ្សព្វផ្សាយព័ត៌មាន បរិស្ថាន ចូលរួមកាន់តែប្រសើរ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការធានានិរន្តរភាពជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្តមបន្ថែមថា អ្នកសារព័ត៌មានទទួលបានចំណេះដឹងបរិស្ថាន តាមរយៈការចែករំលែកពីថ្នាក់ដឹកនាំ និងអ្នកជំនាញរបស់ ក្រសួងបរិស្ថាន ទាក់ទងនឹងការពង្រីកបាននៅសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួ សាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងក្រសួងបរិស្ថាន ក្នុងការអនុវត្តកម្មវិធី និងយុទ្ធសាស្ត្រនានា ដូចជាកម្មវិធីរេជបូក
គម្រោងឥណទានកាបូន និងការអភិវឌ្ឍន៍ជីវភាពសហគមន៍។
គណៈអធិបតី ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រ សាសន៍ បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់ ការគ្រប់គ្រងធនធានធម្ម ជាតិ និងបរិស្ថាន ដែលក្នុងនោះ បានថែរក្សាឈើឈរ ដើម្បីលក់តួនាទីព្រៃឈើ ដែលដើរតួនាទីសំខាន់ ក្នុងការការពារប្រព័ន្ធអេកូឡូសុី នៃភពផែនដី តាមរយៈការលក់ឥណទានកាបូន។
ឯកឧត្តមបានបន្ថែមថា កម្ពុជាកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងកាត់បន្ថយការរំភាយឧស្ម័នផ្ទះកញ្ចក់ ទន្ទឹមនិងនោះ ក៏បន្តគោលដៅជាតិផ្សេង ទៀត សម្រាប់សង្គម និងបរិស្ថានផងដែរ។
ឯកឧត្តម ជួប ប៉ារីស៍ បានសង្កត់ធ្ងន់ថា អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពី ការប្រែប្រួលអាកាសធាតុ បានលើកទឹក ចិត្តដល់ប្រទេស ដែលបានខិតខំការពារព្រៃឈើបានល្អប្រសើរ ដើម្បីទទួលបានថវិកាតាមរយៈការលក់ឥណទានកាបូន។
ឯកឧត្តម អនុរដ្ឋលេខាធិការបានលើក ឡើងដែលថា អាស្រ័យដោយសារ កិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាកំពុងបន្តកិច្ចព្រមព្រៀង លក់ឥណទានកាបូន បន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ។
សូមបញ្ជាក់ថា កម្មវិធីបញ្ជ្រាបចំណេះដឹងបរិស្ថានស្តីពី<<ការប្រែប្រួលអកាសធាតុនិងកម្មវិធីរេដបូកជាតិនៅកម្ពុជា>> ជាមួយអ្នកសារព័ត៌មាន រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ដោយក្រសួងបរិស្ថាន សម្របសម្រួលដោយ មន្ទីរបរិស្ថានខេត្តកោះកុង និងមានការគាំទ្រដោយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងមានអ្នកសារព័ត៌មានទាំង២០ស្ថាប័ន (មកពីស្ថានីយវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអេឡិកត្រូនិក)៕ ដោយ ញុឹប សន