(ញូវដែលី)៖ ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol បានឱ្យដឹងនៅថ្ងៃពុធថា ប្រទេសឥណ្ឌាឆាប់ៗនេះ នឹងវ៉ាប្រទេសចិនក្លាយជាប្រទេស ជំរុញតម្រូវការប្រេងច្រើនបំផុត ក្នុងពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សម្ដីលោក Birol ខណៈថ្លែងប្រាប់អ្នកយកព័ត៌មាន នៅក្រៅជំនួបកិច្ចប្រជុំរបស់ក្រុមប្រទេស G20 នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌាថា «មូលហេតុមួយ ក្នុងចំណោមហេតុផលដែលយើងនិយាយបែបនេះ គឺថាអគ្គិសនីយកម្មរថយន្តតូច និងរថយន្តក្រុងនៅក្នុងប្រទេសចិន កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស»។
លោកមានប្រសាសន៍ថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ឥណ្ឌានឹងកាន់តែខិតទៅជិតអគ្គិសនីយកម្ម»។
ទីភ្នាក់ងារថាមពល ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនេះ បានឱ្យដឹងនៅក្នុងរបាយការណ៍ ស្តីពីចក្ខុវិស័យរបស់ខ្លួន ដែលបានចេញផ្សាយនៅថ្ងៃពុធសប្តា៍នេះថា ប្រហែល ៣ត្រីមាសនៃចន្លោះឆ្នាំ២០២២ ដល់ ២០២៨ ការកើនឡើងកំណើនតម្រូវការនឹងមកពីអាស៊ី ដោយឥណ្ឌាវ៉ាដាច់ប្រទេសចិន ដែលជាប្រភពកំណើនដ៏សំខាន់នៅឆ្នាំ២០២៧។
លោក Birol ក៏បានឱ្យដឹងផងដែរថា ដោយសារតែប្រទេសឥណ្ឌា មានសមត្ថភាពផលិតថាមពលកកើតឡើងវិញដ៏សម្បូរបែប ប្រទេសនេះមិនគួរខកខានឱកាសក្លាយជាមហាអំណាច នៅក្នុងអាជីវកម្មអ៊ីដ្រូសែនបៃតងនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕