ជប៉ុននឹងផ្ដល់មួកសុវត្ថិភាពសរុប ៣ ០០០មួក និងសម្ភារសុវត្ថិភាព ១៥ ០០០ឈុត មកកម្ពុជាជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងសម្ព័ន្ធក្រុមហ៊ុន NAPS Inc. (WINS, ReNet) និងសមាជិកសមាជិកនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាច្រើនរូប។

នៅក្នុងជំនួបដែលបានធ្វើឡើងនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោក UENO Atsushi ក៏បានសម្ដែងនូវភាពរីករាយដែលបានសហការជួយកម្ពុជា ក្នុងការងារសុវត្ថិភាពចរាចរណ៍ តាមរយៈសកម្មភាពផ្សព្វផ្សាយ និងការផ្ដល់ជូននូវមួកសុវត្ថិភាពមកកម្ពុជា។ ជប៉ុននឹងផ្ដល់ជូនមួកសុវត្ថិភាពចំនួន ១៩៤មួក មកកម្ពុជា ហើយភាគីជប៉ុននឹងបន្តផ្ដល់ជូនកម្ពុជានូវមួកសុវត្ថិភាពចំនួន ១ ០០០មួកផ្សេងទៀត ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។

បន្ថែមពីនេះលោកឯកអគ្គរាជទូត ក៏បានលើកឡើងពីការចូលរួមរបស់រដ្ឋាភិបាលជប៉ុន ដែលកំពុងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ដែលការកែលម្អផ្លូវថ្នល់នេះ នឹងអាចជួយសម្រួលលើការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានផងដែរ។

នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលតែងតែផ្តល់ការគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានថ្លែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរផងដែរ។ ជាមួយគ្នា រដ្ឋាភិបាលជប៉ុនតែងតែយកចិត្តទុកដាក់ជួយកម្ពុជាលើការងារសុវត្ថិភាពចរាចរណ៍ ដូចមានគម្រោងធ្វើឱ្យប្រសើរឡើងសុវត្ថិភាពចរាចរណ៍តាមផ្លូវជាតិលេខ៥ និងការផ្ដល់ជូនមួកសុវត្ថិភាពនាឱកាសនេះជាដើម ដែលជាការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ដែលអាចផ្ដល់ឱកាសដល់ប្រជាពលរដ្ឋមានលទ្ធភាពទិញយានយន្តយកមកប្រើប្រាស់។ បើគិតក្នុងឆ្នាំ១៩៩៨ កម្ពុជាមានទោចក្រយានយន្តចំនួនប្រមាណ ២០ម៉ឺនគ្រឿង និងរថយន្តប្រមាណ ៦ម៉ឺនគ្រឿង ប៉ុន្តែបច្ចុប្បន្នគិតត្រឹម២០២៣ កម្ពុជាកើនឡើងទោចក្រយានយន្តរហូតដល់ចំនួនប្រមាណ ៦លានគ្រឿង និងរថយន្តចំនួនប្រមាណ ១លានគ្រឿងដែលបានចុះក្នុងបញ្ជីរួចរាល់។

បន្ថែមលើចំនួនយានយន្តចរាចរណ៍នេះដែរលោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលកើតមាននៅកម្ពុជា ដោយជាមធ្យមមានអ្នកស្លាប់ប្រមាណ ៥នាក់ និងរបួសប្រមាណ ១០នាក់ ក្នុងមួយថ្ងៃ ក្នុងនោះចំណោមអ្នកស្លាប់សរុបដោយសារគ្រោះថ្នាក់ចរាចរណ៍ មានប្រមាណ ៧៥% ជាអ្នកប្រើប្រាស់ម៉ូតូ ដែលបង្កមកពីមូលហេតុជាច្រើនរួមមានកត្តាយានយន្ត និងកត្តាមនុស្ស ពិសេសគឺការមិនពាក់មួកសុវត្ថិភាព និងការពាក់មួកសុវត្ថិភាពមិនបានត្រឹមត្រូវ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រឹមឆ្នាំ២០៣០ កម្ពុជានឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានចំនួន ៥០% អាស្រ័យហេតុនេះ ការបន្តយុទ្ធនាការផ្សព្វផ្សាយ និងចែកជូនប្រជាពលរដ្ឋនូវមួកសុវត្ថិភាពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាប និងលើកកម្ពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តជម្រាបថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍តាមគ្រប់ទម្រង់រូបភាពជូនដល់សាធារណជនរួមមាន ការចុះបណ្តុះបណ្តាលផ្ទាល់ ការផ្សព្វផ្សាយតាមបណ្ដាញសង្គម ការសហការជាមួយក្រុមហ៊ុនឯកជនផ្ដល់ជូនមួកសុវត្ថិភាព ដូចកន្លងមកបានចែកជូនចំនួន ១០ម៉ឺនមួក និងចំណាំងផ្លាត ៣លាន៤សែនសន្លឹក ដោយឥតគិតថ្លៃ និងការចូលរួមពីវិស័យឯកជនលើការបញ្ជ្រាបចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ដល់បុគ្គលិកនៅក្នុងស្ថាប័នផ្ទាល់ខ្លួនជាដើម។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើសុំតាមរយៈលោកឯកអគ្គរាជទូត ក្នុងការជួយសម្របសម្រួលឱ្យក្រុមហ៊ុនជប៉ុន ដែលកំពុងមានអាជីវកម្មនៅកម្ពុជា ចូលរួមសហការបណ្ដុះបណ្ដាល និងពន្យល់និយោជិតរបស់ខ្លួនពីសុវត្ថិភាពចរាចណ៍នៅកម្ពុជា និងពិនិត្យលទ្ធភាពទិញចំណាំងផ្លាត ចែកជូនប្រជាពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បិទភ្ជាប់លើយានយន្ត ដើម្បីជាចំណែកចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀត៕