កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ២៣ ខែមិថុនាខាងមុខនេះហើយ

កោះកុង÷ឯកឧត្តម ចាន់ តារា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានប្រតិភូ និងមានការចូលរួម ពីរដ្ឋបាលខេត្ត លោកអភិបាល ក្រុង លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោកស្នងការរងខេត្ត លោកមេបញ្ជាការរង នៃមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំពិធីសម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការកំពុងផែទេសចរណ៍ និងទំនិញរាយដងទង់ នៅទីតាំងកំពង់ផែ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នាឱកាសការចុះពិនិត្យកំពង់ផែ ដែលគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ឯកឧត្តម ចាន់ តារា អនុរដ្ឋលេខា ធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សា និងចង្អុលបង្ហាញចំណុចខ្លះៗ ដល់ក្រុមការងារ ឱ្យរៀបចំដើម្បីឲ្យមានភាពល្អប្រសើរ នៅថ្ងៃសម្ពោធ ខាងមុខ ដែលប្រព្រឹត្ត ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕ ដោយ សេន ពិសិដ្ឋ