លោក Blinken គ្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅសប្ដាហ៍ក្រោយ, នេះបើតាម Politico

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងក្នុងឆាប់ៗនេះ ឬអាចនៅសប្ដាហ៍ក្រោយ ខណៈភាពតានតឹងរវាងមហាអំណាចទាំង២ ហាក់ថមថយកម្ដៅបន្តិច ក្រោយមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីដើម សប្ដាហ៍នេះ។ នេះបើតាមសារព័ត៌មាន Politico ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby កាលពីថ្ងៃអង្គារកន្លងទៅ ក៏បានបញ្ជាក់ដែរថាកិច្ចសន្ទនារវាងក្រុមមន្ត្រីអាមេរិក និងចិន ក្នុងទីក្រុងប៉េកាំង នាពេលថ្មីៗនេះបានផ្ដល់ភាពវិជ្ជមានលើដំណើរទស្សនកិច្ចរបស់លោក Blinken នៅពេលអនាគត ខណៈខាងក្រសួងការបរទេសអាមេរិកឱ្យដឹងថា ការរៀបចំ កាលវិភាគនៃដំណើរទស្សនកិច្ច នឹងធ្វើឡើងនៅពេលលក្ខខណ្ឌអំណោយផល។

ប៉ុន្តែ ខាងក្រសួងការបរទេសអាមេរិក មិនបានធ្វើអត្ថាធិប្បាយអ្វីលម្អិតឡើយចំពោះសេចក្ដីថ្លែងការណ៍របស់សារព័ត៌មាន Politico ដែលផ្អែកលើការស្រង់សម្ដីពី ក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយគ្រាន់តែឱ្យដឹងថាមិនទាន់ការប្រកាស ឬការសម្រេចចិត្តផ្លូវការណាមួយជុំវិញដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ទីក្រុងប៉េកាំងនោះទេ។ ចំណែក ខាងស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក ក៏មិនបានទទួលស្គាល់សេចក្ដីរាយការណ៍របស់ Politico នោះដែរ តែនិយាយថាចិនបើកចំហកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក៕