(យូអិន)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ បញ្ជាក់ថា អង្គការសហប្រជាជាតិ (UN) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួន ត្រូវការថវិកាចំនួន ៣៧៥លានដុល្លារដើម្បីទទួលបានស្បៀងអាហារ ថ្នាំពេទ្យ និងការផ្គត់ផ្គង់ជំនួយ ផ្សេងទៀត ដល់មនុស្សរាប់លាននាក់ រងផលប៉ះពាល់ដោយព្យុះស៊ីក្លូន ដែលបានបំផ្លិចបំផ្លាញផ្នែក ខ្លះនៃប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស។
សម្រាប់ប្រទេសមីយ៉ាន់ម៉ា UN កំពុងអំពាវនាវរកថវិកាបន្ថែមចំនួន ១២២លានដុល្លារ និងសម្រាប់ មូលនិធិដែលមានស្រាប់ចំនួន ២១១លានដុល្លារ ដើម្បីឆ្លើយតបពី ព្យុះស៊ីក្លូននេះ ខណៈដែល ថវិកាចំនួន ៤២លានដុល្លារផ្សេងទៀត គឺត្រូវការសម្រាប់ប្រទេសបង់ក្លាដែស។
មន្រ្តីសម្របសម្រួលរបស់ UN ប្រចាំនៅមីយ៉ាន់ម៉ា លោក រ៉ាម៉ាណាថាន់ បាឡាគ្រីស្នាន (Ramanathan Balakrishnan) បានគូសបញ្ជាក់ថា «ឥឡូវនេះយើងប្រញាប់ ផ្តល់ឲ្យប្រជាជន នូវទីជំរកប្រកបដោយសុវត្ថិភាព នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ទាំងអស់ និងទប់ស្កាត់ការរីក រាលដាលនៃជំងឺដែលបណ្តាលមកពីទឹកកខ្វក់។ ម្ចាស់ជំនួយចាំបាច់ត្រូវធ្វើការបន្ថែម ដើម្បីគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនេះ»៕