សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះការផលិតបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរចំពោះការផលិតបទ ចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលកំពុងមានភាពល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ជាមួយនឹងចំនួនអ្នកទស្សនា ឡើងដល់ជាង៦២លាននាក់ហើយ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយ គណៈប្រតិភូកីឡារបស់កម្ពុជា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព មុននឹងពួកគេ ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២។

នាឱកាសនោះ សម្ដេចតេជោបានថ្លែងថា «បទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាន ឥឡូវនេះកំពុងតែ ល្បីទូទាំងប្រទេស និងក្រៅប្រទេស»

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនហ្គាឡាក់ស៉ីណាវ៉ាត្រា និងវាយ តម្លៃខ្ពស់ចំពោះកំពូលតារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម និង តង់ ច័ន្ទសីមា ដែលបាន សម្ដែងបានយ៉ាងល្អព្រមទាំងក្រុមការងារទាំងឡាយដែលបានដឹកនាំផលិតបទចម្រៀងរបស់ខ្មែរមួយនេះ។ បទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាននេះ គឺត្រូវបានសម្ដែងម្ដងរួចមកហើយកាលពីពេល កន្លងទៅ និងត្រៀមសម្ដែងម្ដងទៀតនៅក្នុងឱកាសបិទព្រឹត្តិការស៉ីហ្គេមនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការសម្ដែងបទចម្រៀងនេះ គឺកាន់តែញ៉ាំងព្រឹត្តិការណ៍ស៉ី ហ្គេមឱ្យកាន់តែល្បីល្បាញទៅកាន់ពិភពលោក ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្របន្ទាប់ពីឆ្នាំ១៩៦៦ ក្នុងពេលដែលព្រះបរមរតនកោដ្ឋដឹកនាំសង្គមរាស្ត្រនិយម។ កម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ ដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើងវិញ ក្រោមព្រះរាជវត្តមានព្រះមហាក្សត្រ ដែលបានយាងព្រះរាជ ទានព្រះអគ្គិជ័យកីឡាចេញពីប្រាសាទអង្គរវត្ត។

គួរជម្រាបថា ត្រឹមរយៈពេល៣សប្ដាហ៍ប៉ុណ្ណោះ បទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាន ឬ CAMBODIAN PRIDE មានអ្នកទស្សនាច្រើនជាង៦២លាននាក់ (62K) ដែលជាចំនួនដ៏ច្រើន បំផុតមួយក្នុងចំណោមបទចម្រៀនដទៃទៀត បើគិតត្រឹមរយៈពេលដូចដ៏ខ្លីនេះ៕