(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួល គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ»។ ពិធីនេះនឹងរៀបចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ។
យោងទៅតាមព័ត៌មាន បានឱ្យដឹងថា គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ដែលសម្តេចតេជោ ទទួលបាននេះ ត្រូវបានផ្តល់ជូនដោយអង្គការពុទ្ធសាសនិកពិភពលោក តំណាងឱ្យប្រទេសចំនួន៥៥ នៃអ្នកគោរពព្រះពុទ្ធសាសនា។ ការផ្តល់នូវគោរមងារកិត្តិយសនេះ គឺជាការទទួលស្គាល់ដើម្បីទទួល ស្គាល់ការលះបង់ពេញមួយជីវិតរបស់សម្តេចតេជោចំពោះសន្តិភាព និងព្រះពុទ្ធសាសនា។
អង្គការពុទ្ធសាសនិកពិភពលោក បានស្ងើចសរសើរយ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែងរបស់សម្តេច តេជោនាយករដ្ឋមន្ត្រី ក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ។
អង្គការពុទ្ធសាសនិកពិភពលោក បានគូសរំលេចថា ជាមួយការរស់ឡើងវិញនៃការគោរពប្រតិបត្តិ ព្រះពុទ្ធសាសនានៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជា តាមការទូន្មាន របស់ព្រះពុទ្ធសាសនា លើមាគ៌ានការកសាងប្រទេសជាតិ និងតាមរយៈនយោបាយឈ្នះ-ឈ្នះ។ បន្ថែមពីលើនោះ សម្តេចតេជោ បាននាំមកជូនប្រជាជនវិញនូវភាពសម្បូរសប្បាយ ក្នុងសុខសន្តិភាព ពេញលេញ ភាពសុខដុមរមនាសង្គម និងសាសនា ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។
ដោយឡែកសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ» ដែលផ្តល់ជូនសម្តេចតេជោនាយក រដ្ឋមន្ត្រីនាពេលនេះ ត្រូវបានផ្តល់ជូនដោយសាកលវិទ្យាល័យណេហ្គរី ប៉ាដាង របស់ប្រទេស ឥណ្ឌូនេស៊ី។
ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ» នេះ ដើម្បីជានិមិត្តរូបនៃការសម្តែងអំណរ គុណយ៉ាងជ្រាលជ្រៅ និងការគោរពកោតសរសើរចំពោះសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ ខ្ពស់លើបការង្កើតបរិយាបន្នសង្គម សន្តិភាព និងការរួមចំណែកផ្តល់ការគាំទ្រដ៏មានតម្លៃចំពោះក្រុម មូស្លីមនៅកម្ពុជា តាមរយៈការលើកកម្ពស់ការគោរព និងការពារសិទ្ធិសេរីភាពនៃជំនឿ សាសនា និងការលើកកម្ពស់គុណតម្លៃនៃសន្តិភាព និងការភាពអត់ឱនរវាងក្រុមសាសនាផ្សេងគ្នា នៅកម្ពុជា។
សាកលវិទ្យាល័យ បានទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តគោលនយោបាយសម្តេច តេជោ ដែលសមស្របទៅនឹងគុណតម្លៃអប់រំរបស់សាកលវិទ្យាល័យ និងជាគំរូដ៏ពិសេមួយ។ សាកលវិទ្យាល័យជឿជាក់យ៉ាងមុតមាំថា ស្មារតី ជំហាន និងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ នឹងចូលរួមចំណែកលើកទឹកចិត្ត និងបង្កើតនូវឥទ្ធិពលវិជ្ជមានកាន់តែខ្លាំងក្នុងប្រទេសឥណ្ឌូនេស៊ី ជាពិសេក្នុងសាកលវិទ្យាល័យណេហ្គរី ប៉ាដាង។
ក្រុមប្រឹក្សាផ្នែកសិក្សាធិការ នៃសាកលវិទ្យាល័យរដ្ឋប៉ាដាង បានគូសបញ្ជាក់ថា ការ ផ្តល់ជូនសញ្ញា បត្របណ្ឌិតកិត្តិយសជូនសម្តេចតេជោ ហ៊ុន សែន ដោយយោងទៅលើហេតុផលមួយចំនួនដូច ខាងក្រោម៖
១៖ សម្តេចតេជោ ហ៊ុន សែន បានលះបង់ពេញមួយជីវិតដើម្បីរំដោះប្រជាជនកម្ពុជាចេញពីយុគ សម័យដ៏ខ្មៅងងឹតក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដោយសម្រេចបាននូវសន្តិភាព និងការ បង្រួបបង្រួមជាតិធានាបាននូវការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅកម្ពុជា និងបានលើក កម្ពស់មុខមាត់ប្រទេសកម្ពុជា ត្រឡប់ទៅកាន់ឆាកសាកលលោកវិញ។
សម្តេចតេជោ បានធ្វើឱ្យមាននូវការស្តារឡើងវិញនូវរបបរាជានិយមនៅកម្ពុជា ប្រកបដោយជោគ ជ័យ និងការរស់រានមានជីវិតឡើងវិញនៃព្រះពុទ្ធសាសនារួមជាមួយកម្មវិធីកសាងស្តារប្រទេស ជាតិយ៉ាងមមាញឹក ដូចជាការស្តារ និងកសាងប្រទេសឡើងវិញក្រោយសង្គ្រាម និងសមាហរណ កម្មប្រទេសជាតិចូលទៅក្នុងតំបន់ និងសកលលោក និងបានអនុញ្ញាតឱ្យទទួលបាននូវសេរីភាព គ្រប់បែបយ៉ាង និងតម្លៃប្រជាធិបតេយ្យរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន គោលនយោបាយ ឈ្នះ-ឈ្នះ ដ៏ល្បីល្បាញរបស់សម្តេចតេជោ គឺពិតជាមានពន្លឺភ្លឺស្វាង និងបានផ្តល់ទុកជាមេរៀន នៃភាពជាអ្នកដឹកនាំក្នុងការកសាងនូវសន្តិភាពឡើងវិញ។
២៖ តាមរយៈនៃការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចបានពង្រឹងអភិបាលកិច្ចតាម រយៈនៃការធ្វើកំណែទម្រង់ប្រកបដោយជោគជ័យ និងផ្លែផ្កាជាច្រើនជាមួយនោះ សម្តេចបានផ្តល់ ជាកម្លាំងចលកថ្មី ដល់គោលនយោបាយលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ យុត្តិធម៌សង្គម និងសេដ្ឋកិច្ច ដោយទទួលបានឱកាសស្មើភាពគ្នាសម្រាប់ប្រជាជនកម្ពុជា។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ សម្តេចតេជោបានបង្ហាញឱ្យឃើញថា សន្តិភាពអាចសម្រេចទៅ បានគឺតាមរយៈនៃមធ្យោបាយសន្តិវិធីដូចជាការចរចាដោយបើកចំហរួមបញ្ចូល និងគោលនយោ បាយឈ្នះ-ឈ្នះ និងតាមរយៈនៃភាពជាម្ចាស់នៃបញ្ហា និងស្វែងរកដំណោះស្រាយជាតិដោយ ខ្លួនឯង។ ជាលទ្ធផលប្រទេសកម្ពុជា មិនត្រឹមតែត្រូវបានគេស្គាល់ថាជាកោះសន្តិភាពក្នុងតំបន់ទន្លេ មេគង្គប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវបានគេដាក់ឈ្មោះថា «ប្រទេសតូចដែលមានបេះដូងធំទូលាយ» ទៀតផង។
៣៖ សម្តេចតេជោ ហ៊ុន សែន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យមនុស្សធម៌ និងសាមគ្គីភាព ដែលរួមមានដូចជា៖ ក) ការយកចិត្តទុកដាក់ជាអាទិភាពចំពោះជនជាតិភាគតិចនៅកម្ពុជា, ខ)ការលើកកម្ពស់ការអត់ឱនអធ្យាស្រ័យឱ្យគ្នានៅក្នុងជំនឿសាសនា និងគ) គោលនយោបាយស្តីពី សេរីភាព នៃជំនឿសាសនា
៤៖ ផ្អែកលើការធ្វើអភិបាលកិច្ច និងផ្អែកលើការសិក្សាផងនោះអាចយល់បានថា សម្តេចតេជោ ហ៊ុន សែន បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដូចមានចែងក្នុងបទបញ្ជាប្រកាសក្រសួងស្តីពីការស្រាវជ្រាវ, បច្ចេកវិទ្យា និងឧត្តមសិក្សា លេខ៖ ៦៥ ឆ្នាំ២០១៦ ស្តីពីសញ្ញាបត្របណ្ឌិតកិត្តិយស និងបទប្បញ្ញត្តិ របស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរដ្ឋប៉ាដាង លេខ៖ ៣ ឆ្នាំ២០១៧ ទាក់ទងទៅនឹងនីតិ វិធី ស្តីពីការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស (Doctor Honoris Causa) នៅសាកលវិទ្យាល័យ រដ្ឋប៉ាដាង។
* អត្ថន័យនៃគោរមងារ «ពុទ្ធមាមកាភិបាល»៖
«ពុទ្ធមាមកាភិបាល» គឺជាគោរមងារ ដែលត្រូវបានផ្តល់ជូនថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងថ្នាក់ដឹកនាំពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រងថែរក្សា គោរពប្រតិបត្តិ ឧបត្ថម្ភទ្រទ្រង់ និងលើកតម្កើង តម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាមរយៈសកម្មភាព ព្រះពុទ្ធសាសនា រួមទាំងសកម្មភាពរបស់អង្គការពុទ្ធសាសនិកពិភពលោក។
«ព្រះរាជពុទ្ធមាមកាភិបាល» គឺជាគោរមងារសម្រាប់ថ្វាយព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស ហើយមានអត្ថន័យដូចគ្នាទៅនឹង «ពុទ្ធមាមកាភិបាល» ដែលប្រើប្រាស់សម្រាប់ថ្នាក់ដឹកនាំក្នុងអា ណាចក្រ។
មកទល់បច្ចុប្បន្ន គោរមងារនេះ ធ្លាប់បានថ្វាយ និងប្រគេនជូនសម្តេចព្រះសង្ឃរាជ ព្រះមហាថេរ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសកាន់ព្រះពុទ្ធសាសនាចំនួន៨អង្គ/រូបរួមមាន៖
១៖ សម្តេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ
២៖ ព្រះមហាថេរ មហានាយកនៃសាធារណរដ្ឋស្រីលង្កា
៣៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ
៤៖ ប្រធានាធិបតីនៃប្រទេសនេប៉ាល់
៥៖ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា
៦៖ ប្រធានាធិបតីនៃសាធារណរដ្ឋស្រីលង្កា
៧៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ
៨៖ ប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន៕