ប្រមុខការទូតកម្ពុជា នឹងទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៅប្រទេសម៉ារ៉ុក នាខែមេសា ខាងមុខ

ភ្នំពេញ ៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការថែរក្សាសន្តិភាព ក្នុងតំបន់ និងបណ្តាប្រទេសនិយាយភាសាបារាំង ត្រូវបានរៀបចំធ្វើម្តងរួចមកហើយ កាលពីអំឡុងឆ្នាំ២០១៩ កន្លងទៅនេះ ក្នុងប្រទេសបារាំង ហើយឆ្នាំនេះ ប្រទេសម៉ារ៉ុក និងបារាំង ក៏បានឯកភាពគ្នាអញ្ជើញ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅចូលរួមក្នុងសន្និសីទនេះ ជាលើកទី២នៅអំឡុងខែមេសា ឆ្នាំ២០២០ ក្នុងទីក្រុងរាវ៉ាត់ប្រទេសម៉ារ៉ុក។

បើតាម លោក ណី សំអុល អគ្គនាយក នៃអគ្គនាយកដ្ឋានអ៊ឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឍឹមបូព៌ា បានប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួប សវនាការ រវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាមួយលោក Abdelilah EL HOUSNI ឯកអគ្គរាជទូតម៉ារ៉ុកប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នាព្រឹកថ្ងៃទី៣ខែមីនា នៅទីស្តីការក្រសួង។ ឯកអគ្គរាជទូតម៉ារ៉ុក បានចាត់ទុកវត្តមាន របស់រដ្ឋមន្រ្តីការបរទេសកម្ពុជាក្នុងសន្និសីទនោះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបេសកកម្មថែរក្សាសន្តិភាព របស់ពិភពលោក ។

តាមរយៈកិច្ចប្រជុំខាងលើនេះ ម៉ារ៉ុក បារាំង និងបណ្តាប្រទេសនិយាយភាសាបារាំង ចង់ឱ្យកម្ពុជាចែករំលែក នូវ បទពិសោធន៍ និងអ្វីដែកម្ពុជាបានធ្វើ ក្នុងការចូលរួមថែរក្សាសន្តិភាពរបស់ពិភពលោក ជាពិសេសនៅបណ្តាប្រទេសអាហ្វ្រិកតែម្តង។ ក្រៅពីចែករំលែកបទពិសោធន៍ ក្នុងឱកាសដ៏វិសេសវិសាសនោះ លោក ប្រាក់ សុខុន ក៏នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសម៉ារ៉ុក ដើម្បីជជែកពិភាក្សាគ្នា លើបញ្ហាទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិផ្សេងៗទៀត។

នៅក្នុងជំនួបសវនការនេះដែរ ឯកអគ្គរាជទូតម៉ារ៉ុក ក៏បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ដែលធ្វើឱ្យកម្ពុជាមានសុខដុមរម្យណីយកម្មសាសនា ដែលកម្ពុជាគប្បីចែករំលែកលើបញ្ហានេះ ដល់បណ្តារប្រទេសទាំងនោះផងដែរ។

ឆ្លើយតបទៅនឹងការអញ្ជើញនេះ លោក ប្រាក់ សុខុន ក៏បានស្វាគមន៍ដោយរីករាយ តែត្រូវរង់ចាំការសម្រេចពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីសិន។ លោកបានបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០០៦ មកកម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពរបស់ខ្លួន ប្រមាណជាង៦ពាន់៥រយនាក់ ក្នុងនោះមានកងកម្លាំងជាស្រ្តីច្រើនគួរឱ្យកត់សម្គាល់បើធៀបទៅនិងប្រទេសក្នុងតំបន់ ទៅក្នុងបណ្តាប្រទេសចំនួន៩ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។

បើមានការអនុញ្ញាតិ ពីប្រមុខរាជរដ្ឋាភិបាល លោកគ្រោងនឹងជួបរដ្ឋមន្រ្តីការបរទេសម៉ារ៉ុក ពិភាក្សាអំពីទំនាក់ទំនងទ្វេរភាគី និងបញ្ហាផ្សេងៗទៀត ដើម្បីជម្រុញលើកិច្ចសហប្រតិបត្តិការក្នុងវិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ អប់រំ និងកសិកម្មជាដើម។ ដោយឡែកចំពោះទំនាក់ទំនងតំបន់ និងអន្តរជាតិវិញ ក៏គ្រោងនឹងជំរុញ តួននាទី កិច្ចសហប្រតិបត្តិការរបស់កម្ពុជា ទៅក្នុងបណ្តាប្រទេសនិយាយភាសារបារាំង ។ លើសពីនេះ ក៏អាចពិភាក្សា ពីប្រទេសម៉ារ៉ុកនៅក្នុងក្របខណ្ឌអាស៊ាន និងក្នុងក្របខណ្ឌ អូអាយស៊ី ព្រមទាំងខិតខំជម្រុញទំនាក់ទំនងទ្វេភាគី កម្ពុជា-ម៉ារ៉ុក ឱ្យកាន់តែខ្លាំងក្លារថែមទៀត ។

សូមបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងព្រះរាជណាចក្រកម្ពុជា និង ព្រះរាជាណាចក្រម៉ារ៉ុក បានកើតមានតាំងពីរជ្ជកាលស្តេច ហាសាន់ទី២ និងអតីតព្រះបរមរតនកោដ្ឋរបស់កម្ពុជាមកម្ល៉េះ ហើយបានបន្តរក្សានិងពង្រឹងពង្រីកឥតឈប់ឈរនូវទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តនេះ រហូតដល់ពេលបច្ចុប្បន្ននិងបន្តទៅមុខយ៉ាងរឹងមាំបន្ថែមទៀត៕