សភាប្រជុំអនុម័តច្បាប់ស្ដីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត

ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីពិនិត្យលើសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ ចំនួន៦ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងនោះសេចក្តីព្រាងច្បាប់ស្ដីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាចាត់ទុកថាមានសារៈ សំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជាមានបំណងចង់ជម្រុញប្រទេសកម្ពុជាឱ្យដើរទាន់ការវិវត្តន៍នៃសេដ្ឋកិច្ច ពិភពលោក ដែលសព្វថ្ងៃនេះបានឈានទៅដល់ដំណាក់កាលនៃបច្ចេកវិទ្យា ៤.០ ដែលប្រទេសកម្ពុជាត្រូវ តែជំរុញឱ្យដើរទាន់បច្ចេកវិទ្យា ៤.០ នេះ។ នេះបើតាមការគូសបញ្ជាក់របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភានៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភាកាលពីព្រឹកមិញនេះ។

លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា ជារួមចំពោះរបៀបវារៈទាំង៦ ដែលកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលើកយកមកពិនិត្យនៅថ្ងៃនេះរួមមាន៖ ១.ការពិនិត្យសំណើសុំអនុម័តនូវ
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម។ ២.ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្ដីពីការ បង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ៣.ការពិនិត្យសំណើសុំអនុម័តនូវ សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុង
វិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៤.ការពិនិត្យ
សំណើសុំអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ច
ព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន។ ៥.ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្ដីពីការ យល់ព្រមលើពិធីសារទី៣ ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន និង ៦.ការ ពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទី២ ស្ដីពីវិសោធនកម្ម
កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបញ្ជូនសំណើ ទាំងនេះទៅកាន់គណៈកម្មការជំនាញនីមួយៗនៃរដ្ឋសភាដើម្បីពិនិត្យ៕