(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកប ដោយចីរភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ប្រទេស ឡាវ។
អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងព្រមទាំងមន្រ្តីជាន់ខ្ពស់ដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។
តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើងវិញ អំពីវឌ្ឍនភាពនិងសមិទ្ធផលសំខាន់ៗដែលគណៈកម្មការទន្លេមេគង្គសម្រេចបានតាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាល ពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា និងពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអាង ទន្លេមេគង្គ និងកំណត់នូវទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុងអាងទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ៕