(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៨ចំណុច ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រសួងស្ថាប័ន ដែលជាតួរអង្គនិម្មាបនករ និងប្រតិបត្តិករនៃកម្មវិធីគ្រប់គ្រង កែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ យកទៅបន្តអនុវត្តន៍ឱ្យសម្រេចបានជោគជ័យតាមការគ្រោងទុក។
សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញអនុសាសន៍ដូចនេះនៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដែលបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ សូមបញ្ជាក់ដែរថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានដាក់ឱ្យអនុវត្តលើក ដំបូងពី២០០៤-២០០៨, ដំណាក់កាលទី២ ពីឆ្នាំ២០០៩-២០១៥, ដំណាក់កាលទី៣ ពីឆ្នាំ២០១៦-២០២២។
អនុសាសន៍គន្លឹះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញក្នុងឱកាសនោះរួមមាន៖
* ទី១៖ ត្រូវបង្កើនភាពជាម្ចាស់ក្នុងការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័ន ដោយរដ្ឋមន្ត្រី និងប្រធានស្ថាប័នត្រូវជំរុញអនុវត្ត ប្រកបដោយភាពជាម្ចាស់នូវកិច្ចការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទៅតាមគោលការណ៍ រួមរបស់រាជរដ្ឋាភិបាល ។ ការគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការសម្រេចបាននូវគោលបំណង និងបេសកកម្មរបស់ក្រសួង-ស្ថាប័ន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ។ ឤស្រ័យនេះគ្រប់ក្រសួង-ស្ថាប័ន ទាំងអស់ ត្រូវចាត់ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាការងារដែលត្រូវតាមដានការអនុវត្ត ជាប្រចាំ ។ ការកែទម្រង់ត្រូវផ្តើមចេញជាសំខាន់ពីការពង្រឹងភាពជាអ្នកដឹកនាំ និងការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ដោយផ្តោតទៅលើការសម្រេចនូវលទ្ធផល ស្របគ្នានឹងការពង្រឹងសមត្ថភាព ធនធានមន្ត្រីរាជការនៅក្រោមឱវាទ ។
* ទី២៖ ត្រូវផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់ការត្រៀម រៀបចំគ្រប់ជ្រុងជ្រោយដើម្បីធានាឱ្យបាននូវ «ការអនុវត្តជាមូលដ្ឋាន» នូវថវិកាព័ត៌មានសមិទ្ធិកម្មយ៉ាងយូរនៅឆ្នាំ២០២៦ខាងមុខ ស្របតាមគោលដៅកំណត់នៃ «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាជាតិ» របស់រាជរដ្ឋាភិបាល។ ច្បាស់ណាស់ថា ការកែទម្រង់ប្រព័ន្ធថវិកាជាតិ គឺជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដោយសារថវិកាគឺជាឧបករណ៍គន្លឹះ សម្រាប់រដ្ឋាភិបាលនៃប្រទេសនីមួយៗប្រើបា្រស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការប្រមែប្រមូលធនធាន របស់ជាតិ ប្រកបដោយចីរភាព និងការវិភាជធនធាន ទាំងនោះបម្រើឱ្យការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ។
* ទី៣៖ ត្រូវបន្តពង្រឹងយន្តការសម្របសម្រួលសង្គតិ្តភាព និងភាពប្រទាក់ក្រឡាគ្នា រវាងកម្មវិធីកែទម្រង់សំខាន់ៗទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេស គឺកម្មវិធីកែទម្រង់ ៣ បូក ១ ស្របតាមឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្រ្តស្តីពីសុខដុមនីយកម្ម ការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល» ដែលសម្តេចបានសម្រេចដាក់ឱ្យអនុវត្តនាពេលថ្មីៗកន្លងទៅ ។ អភិបាលកិច្ចល្អត្រូវការសមាសធាតុ សំខាន់ទាំងបួន ដែលជាកម្មវត្ថុនៃកិច្ចការកែទម្រង់ ៣ បូក ១ នេះ ពោលគឺ ៖ (១). ការគ្រប់គ្រងធនធាន ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព (២).ធនធានមនុស្ស និងស្ថាប័នសាធារណៈ ប្រកបដោយគុណភាព ភាពស្អាតស្អំ និងសមត្ថភាព (៣).ការកំណត់បែងចែកមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និងការសម្រប- សម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព និង(៤).ប្រព័ន្ធច្បាប់ និងយុត្តិធម៌ ប្រកបដោយ ប្រសិទ្ធភាព ។ ក្នុងន័យនេះយើងពិតជាមានតម្រូវការចាំបាច់ ក្នុងការធានានូវសុខដុមភាព សង្គត្តិភាព ភាពប្រទាក់ក្រឡា និងការបំពេញគ្នាទៅវិញទៅមកនៃក្របខ័ណ្ឌកម្មវិធី កែទម្រង់ ៣ បូក ១ នេះ ។
* ទី៤៖ ត្រូវបន្តជំរុញឱ្យបានរីកចម្រើននូវវិស័យឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយបន្ស៊ី និងប្រទាក់ក្រឡាគ្នា ជាមួយនឹងកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាជាមួយកម្មវិធីកែទម្រង់ផ្សេងទៀតរបស់រាជរដ្ឋាភិបាល ។
* ទី៥៖ ត្រូវបន្តប្រកាន់ខ្ជាប់នូវ អភិក្រមការងារ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដែលជាអភិក្រមកែទម្រង់របស់មន្ត្រីរាជការ និង ថ្នាក់ដឹកនាំនៅតាមក្រសួង-ស្ថាប័ន ក្នុងគ្រប់កម្រិត ទាំងកម្រិតបច្ចេកទេស កម្រិតគ្រប់គ្រង និងកម្រិតដឹកនាំក្នុងស្មារតីភ្ញាក់រលឹក កែលម្អ និងបង្កើនប្រសិទ្ធភាពការងារទាំងក្នុងក្របខណ្ឌនៃការបំពេញការងារជាបុគ្គល ក៏ដូចជាការបំពេញការងារជាក្រុម ។
* ទី៦៖ ត្រូវផ្ដល់សារៈសំខាន់លើការពង្រឹង «ភាពជាអ្នកដឹកនាំ» នៅគ្រប់កម្រិតនិងជាពិសេស «ក្នុងកម្រិតថ្នាក់ដឹកនាំ» នៅក្នុងស្ថាប័ន និងអង្គភាពពីព្រោះនេះគឺជាកត្តាចម្បងដែលកំណត់ នូវភាពជោគជ័យ នៃការងារនៅក្នុងគ្រប់អង្គភាព និងក្រសួង-ស្ថាប័ន ទាំងសាធារណៈ និងឯកជន ។
* ទី៧៖ ត្រូវប្រកាន់យកគោលការណ៍ «គុណភាព សមត្ថភាព និងគុណាធិបតេយ្យ» ជាវប្បធម៌ការងារ ពិសេសនៅក្នុងការគ្រប់គ្រងធនធានមនុស្ស។ ប្រការនេះសំដៅដល់ភាពចាំបាច់ក្នុងការផ្ដល់នូវឱកាស និងការលើកទឹកចិត្ត ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ប្រកបដោយសមធម៌ និងយុត្តិធម៌ ជូនដល់មន្ត្រីបុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយផ្អែកលើគុណសម្បត្តិ ស្របតាមគុណវុឌ្ឍិ បទពិសោធន៍ សមត្ថភាព ឆន្ទៈ និងវិន័យ ក្នុងការបំពេញការងារ ។ គោលការណ៍នេះត្រូវអនុវត្តមិនត្រឹមតែក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវតែក្លាយទៅជាគោលការណ៍អាទិភាពមួយរបស់រាជរដ្ឋាភិបាលសម្រាប់ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ននៅគ្រប់កម្រិត ។
* ទី៨៖ ត្រូវពង្រឹងយន្តការ «តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ» នៅគ្រប់កម្រិត និងឱ្យបានទូលំទូលាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់ជាឧបករណ៍ ដើម្បីកំណត់ចំណុចខ្លាំង ចំណុច ខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាព នៃរាល់ការអនុវត្តន៍ផែនការសកម្មភាពការងារ ។ ម្យ៉ាងទៀតយន្តការនេះក៏ជាមធ្យោបាយដ៏សំខាន់មួយសម្រាប់ចូលរួមពង្រឹង «គណនេយ្យភាព សមិទ្ធកម្ម» ផងដែរ៕