សម្ដេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នកម្ពុជាខ្ចីថវិកាពីបរទេសប្រចាំឆ្នាំ តិចជាង២០ភាគរយនៃថវិកាជាតិសរុប

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នការខ្ចីថវិកាពីក្រៅប្រទេសប្រចាំឆ្នាំរបស់កម្ពុជា មានទំហំមិនស្មើនឹង២០ភាគរយនៃថវិកាជាតិសរុបនោះឡើយ ដែលនេះជាលទ្ធផលនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៉ីដង់សុខាភ្នំពេញ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើងនូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ ដោយបានកាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្នការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំ មានទំហំមិនស្មើនឹង២០ភាគរយនៃថវិកាជាតិសរុបនោះទេ»

សម្តេចតេជោបានរំឭកថា នៅក្នុងអតីតកាល៣០ឆ្នាំមុន ចំណូលក្នុងស្រុករបស់កម្ពុជាដែលរកបានដោយខ្លួនឯង មានត្រឹមប្រមាណ១ភាគ៣នៃថវិកាជាតិសរុបតែប៉ុណ្ណោះ បានន័យថា តមូ្រវការប្រមាណ២ភាគ៣នៃថវិកាជាតិត្រូវបានដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស។ នេះគឺជាលទ្ធផលជាក់ស្ដែងដែលកម្ពុជាសម្រេចបានស្របតាមគោលជំហរដឹកនាំ ដែលសម្តេចធ្លាប់បានប្រកាសជាសាធារណៈនាពេលកន្លងទៅ គឺ «កែទម្រង់-រស់ មិនកែទម្រង់-ស្លាប់»។

ទស្សនដឹកនាំនេះ រួមជាមួយសមិទ្ធផលជាក់ស្ដែងនៃកិច្ចការកែទម្រង់បានធ្វើឱ្យក្ដីរំពឹងទុកលើការកសាងប្រជាជាតិរបស់កម្ពុជា ត្រូវបានចារឹកទុកក្នុងបុព្វកថាក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ក្លាយទៅជាការពិតនោះ គឺទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឱ្យបានឈានឡើង រីកចម្រើនលូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍ និងប្រែក្លាយកម្ពុជាឱ្យទៅជាកោះសន្ដិភាពយ៉ាងពិតប្រាកដ។

សម្ដេចតេជោបានបន្ថែមទៀតថា សន្តិភាព និងវិបុលភាពសង្គមកំពុងតែផ្ដល់មនុញ្ញផលដល់ប្រជាជនទាំងអស់គ្នានាពេលបច្ចុប្បន្ននេះ ដែលកម្ពុជាមានមោទនភាពយ៉ាងក្រៃលែង និងមានការជឿជាក់កាន់តែរឹងមាំថា «ខ្មែរពិតជាអាចធ្វើបាន»

សម្ដេចតេជោនាករដ្ឋមន្ត្រីបានដាក់តឿនដល់មន្ត្រីគ្រប់គ្នាថា ត្រូវប្រឹងប្រែង និងរៀនសូត្រពីការអនុវត្តនូវបណ្ដាបញ្ហាប្រឈម ដើម្បីបោះជំហានទៅដំណាក់កាលថ្មីបន្ថែមទៀត ជាមួយនឹងមហច្ចតាបែបប្រាកដនិយមដោយមិនបង្អង់រង់ចាំ។ ប្រការនេះមានន័យថា យើងត្រូវវាយតម្លៃឱ្យចំសកម្មភាពអាទិភាពដែលយើងត្រូវធ្វើជាបន្ទាន់ និងអាចធ្វើទៅបាន ដើម្បីអាចឆ្លើយតបឱ្យចំនឹងភាពចាំបាច់របស់ប្រជាពលរដ្ឋ ឱ្យសម្រេចបានលទ្ធផលកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់តាមការរំពឹងទុក ស្របពេលដែលយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់លើកត្តាបរិបទ និងកត្តាបរិស្ថានគ្របដណ្ដប់ជារួមផងដែរ ដើម្បីធានានូវការកាត់បន្ថយជាអវិជ្ជមានឱ្យបានក្នុងកម្រិតជាអតិបរមា៕