សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាបានធ្វើកំណែទម្រង់ជាបន្ដបន្ទាប់ ដោយមិនចាំជំនួយរបស់បរទេសឡើយ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានអះអាងថា កម្ពុជាបានធ្វើកំណែទម្រង់ជាបន្ដបន្ទាប់ ក្នុងនោះរួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ និងការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុជាដើម ដោយមិនរង់ចាំជំនួយណាមួយពីបរទេសនោះឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧, សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រៅពីការធ្វើកំណែទម្រង់ដោយមិនរង់ចាំជំនួយបរទេសហើយនោះ កម្ពុជាបានធ្វើកំណែទម្រង់ជាបន្ដបន្ទាប់ ពីតាំងតែពីនៅជាប់ទណ្ឌកម្មមកម្ល៉េះ។

អ្នកដែលដាក់ទណ្ឌកម្មកម្ពុជា កាលពីអតីតកាលនោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ឲ្យដឹងថា គឺជាអ្នកដែលគាំទ្រការធ្វើរដ្ឋប្រហារយោធា និងគាំទ្ររបបប្រល័យពូជសាសន៍ ប៉ុល ពត នៅអង្គការសហប្រជាជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការធ្វើកំណែទម្រង់កម្ពុជា យើងអត់រង់ចាំទាល់តែពេលមានជំនួយពីសហភាពអឺរ៉ុប, ធនាគារពិភពលោក, IMS, ធនាគារអភិវឌ្ឍន៍អាស៉ីនោះទេ យើងធ្វើតាំងតែពីយើងនៅជាប់ទណ្ឌកម្មពីបណ្ដាប្រទេសនានាមួយចំនួន ដែលគាំទ្ររដ្ឋប្រហារយោធា និងគាំទ្ររបបប្រល័យពូជសាសន៍ ប៉ុល ពត នៅអង្គការសហប្រជាជាតិឯណោះ»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកនូវរឿងរ៉ាវមួយចំនួនដែលជាប់ពាក់ព័ន្ធគ្នាជាមួយការធ្វើកំណែទម្រង់នេះផងដែរ។ សម្ដេចគូសបញ្ជាក់ថា មានកម្លាំងសង្កត់៣ ដែលធ្វើឲ្យប៉ះពាល់ជីវិតនយោបាយ និងការធ្វើកំណែទម្រង់ ក្នុងនោះរួមមាន៖

*ទី១៖ ការមិនចុះសម្រុងគ្នានៅក្នុងផ្ទៃក្នុងបក្ស ក្រោយពេលផ្តួលរំលំខ្មែរក្រហម និងការមិនយល់អំពីអ្វីដែលពាក់ព័ន្ធការធ្វើកំណែទម្រង់នយោបាយ សេដ្ឋកិច្ច សង្គម
*ទី២៖ របបទីផ្សារខុសគ្នារវាងវៀតណាម និងកម្ពុជា គ្រាដែលកងទ័ពវៀតណាមនៅកម្ពុជាកាលពីពេលនោះ មិនតិចជាង១០ម៉ឺននាក់នោះទេ នៅពេលដែលកម្ពុជាចាប់ផ្ដើមធ្វើកំណែទម្រង់ ហើយវៀតណាមមិនទាន់ធ្វើកំណែទម្រង់អ្វីទាំងអស់
*ទី៣៖ ការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកសេរី ហើយមានតែសហភាពសូវៀត (រុស្ស៉ីបច្ចុប្បន្ន) និងក្រុមប្រទេសសង្គមនិយមនៅអឺរ៉ុបខាងកើត (ប្រទេសកូមេគង្គ) និងឥណ្ឌា ដែលផ្ដល់ជំនួយដល់កម្ពុជា។

ក្នុងចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានទាញនូវការចាប់អារម្មណ៍មួយថា អតីតកាលកងទ័ពវៀតណាមមកកម្ពុជា ត្រឹមតែជួយផ្ដួលរំលំរបប ប៉ុល ពត និងទប់ស្កាត់ការវិលត្រឡប់ នៃរ​បប ប៉ុល ពត ហើយវៀតណាមបានផ្ដល់លទ្ធភាពឲ្យកម្ពុជាសម្រេចនូវកិច្ចការទាក់ទងនយោបាយ, សេដ្ឋកិច្ច និងសង្គម។ សម្ដេចសង្កត់ធ្ងន់ថា ប្រទេសមួយចំនួននិយាយថា កម្ពុជា អាយ៉ងវៀតណាម តែពេលនោះសម្ដេចមានសិទ្ធិសម្រេចចិត្តធ្វើអ្វីមួយបានច្រើនជាងបច្ចុប្បន្ន ដែលប្រទេសមួយចំនួនបង្គាប់ឲ្យកម្ពុជាធ្វើតាមគេ បើមិនដូច្នេះទេនឹងកាត់ផ្ដាច់ជំនួយណាមួយនោះ។

បើតាមប្រសាសន៍រប​ស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី, ការធ្វើកំណែទម្រង់មិនមែនជាបញ្ហាលេងសើចនោះទេ ហើយក៏មិនមែនគ្រាន់តែជាការឃោសនានយោបាយនៅលើក្រដាស និងដេញថ្លៃក្នុងអំឡុងពេលបោះឆ្នោតនោះដែរ ប៉ុន្ដែកម្ពុជាបានធ្វើកិច្ចការងារនេះតាំងពីការលំបាកបំផុត រហូតមកដល់ពេលនេះ៕