ក្រុមនាវិកកប៉ាល់ Westerdam ចងចាំ និងប្រាប់កូនចៅជំនាន់ក្រោយពីទឹកចិត្តដ៏ប្រពៃរបស់កម្ពុជា

ខេត្តព្រះសីហនុ ៖ ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្រ្តីក្រោមឱវាទត្រូវបានអញ្ជើញចូលរួមពិសារអាហារសាមគ្គី ដែលរៀបចំឡើងដោយក្រុមនាវឹករបស់នាវា Westerdam ដើម្បីជាការថ្លែងអំណរគុណ មុនពេលនាវាចាកចេញពីកំពង់ផែក្រុងព្រះសីហនុ។

ក្នុងពិធីនេះ លោកមេបញ្ជាការនាវា បានថ្លែងកោតសរសើរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រជាពលរដ្ឋកម្ពុជានូវទឹកចិត្តមនុស្សធម៌ និងគ្មានការរើសអើងដោយបានអនុញ្ញាតទទួលយកនាវា Westerdam នាវឹកនិងភ្ញៀវទេសចរណ៍ទាំងអស់ចូលមកកាន់កំពង់ផែក្រុងព្រះសីហនុ និងជួយសម្របសម្រួលនូវសេចក្តីត្រូវការគ្រប់បែបយ៉ាង ជាពិសេសជួយដល់ដំណើរត្រលប់ទៅកាន់ប្រទេសកំណើតរបស់ភ្ញៀវទេសចរណ៍នៅលើទទួលបានជោគជ័យលើសពីការរំពឹងទុក។ យើងខ្ញុំទាំងអស់គ្នានឹងចងចាំអំពីកម្ពុជា នឹងប្រាប់ដល់កូនចៅជំនាន់ក្រោយពីទឹកចិត្តដ៏ល្អប្រពៃនេះ។

ជាមួយនេះផងដែរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់នាវឹកទាំងអស់ និងបានជូនពរដល់ក្រុមនាវឹក និងអ្នករួមដំណើរទាំងអស់ទទួលបានសេចក្តីសុខសុវត្ថិភាព ក្នុងដំណើរវិលត្រលប់កាន់គោលដៅបន្តនាពេលខាងមុខនេះ ហើយយើងខ្ញុំរីករាយស្វាគមន៏ដល់ក្រុមនាវឹក និងភ្ញៀវទេសចរទាំងអស់នៃនាវា Westerdam មកកំសាន្តនៅខេត្តព្រះសីហនុជាបន្តទៀត៕