កូរ៉េខាងត្បូង ៖ ចំនួនអ្នកឆ្លង COVID-19 កើនដល់១.៥៩៥ ករណី

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បត៍នេះថា ចំនួនអ្នកឆ្លងជំងឺមេរោគ COVID-19 កើនឡើងដល់១,៥៩៥ ករណី ក្នុងនោះអ្នកជំងឺ១២នាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។

ការកើនឡើងនេះបន្ទាប់ពីអាជ្ញាធរបានប្រកាសចេញនូវអ្នកធ្វើតេស្តរកឃើញលទ្ធផល «វិជ្ជមាន» នៃមេរោគ COVID-19 ចំនួន ៣៣៤នាក់បន្ថែមទៀត នៅព្រឹកថ្ងៃព្រហស្បត៍នេះតែម្តង។ បច្ចុប្បន្នទីតាំងដែលរដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងតែផ្តោតការយកចិត្តទុកខ្លាំងបំផុតនោះ គឺទីក្រុងដេគូ (Daegu) និងស្រុកឆុងទូ (Cheongdu) ដែលនៅស្ថិតនៅជាប់គ្នា និងជាកន្លែងរ៉ាប់រងចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសរហូតដល់ទៅជិត ៨០%ឯណោះ។

អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក៏កំពុងតែកសាងមណ្ឌលពិនិត្យ និងព្យាបាលអ្នកជំងឺឆ្លង COVID-19 បន្ថែមទៀតនៅក្នុងទីក្រុង Daegu ផងដែរ ខណៈការប្រកាសអាសន្នគឺស្ថិតក្នុងកម្រិតពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត។

គួរបញ្ជាក់ថា ទីក្រុង Daegu គឺជាទីក្រុងធំបំផុតលំដាប់លេខ ៤ នៅប្រទេសកូរ៉េខាងត្បូង ដែលមានប្រជាជនរស់នៅសរុបជាង ២.៥លាននាក់។ ក្នុងចំណោមករណីឆ្លងទាំងអស់ គឺមានជាង ៨០០ករណីស្ថិតនៅក្នុងទីក្រុងភាគអាគ្នេយ៍ប្រទេសមួយនេះ៕