(តេហ្គូស៉ីហ្កាល់ប៉ា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងឌូរ៉ាស លោក អេក្វាដូ រ៉ៃណា (Eduardo Reina) បាននិយាយថាភាពចាំបាច់ខាងសេដ្ឋកិច្ច និងការបដិសេធរបស់តៃវ៉ាន់ ក្នុងការបង្កើនជំនួយ ហិរញ្ញវត្ថុ គឺជាហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់ប្រទេសក្នុងតំបន់ អាមេរិកកណ្ដាលមួយនេះ ដើម្បីបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយចិន។
ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី ហ្ស៉ីយ៉ូម៉ារ៉ា កាស្ត្រូ (Xiomara Castro) កាលពីថ្ងៃអង្គារកន្លង ទៅនេះបាននិយាយថាលោកស្រីបានណែនាំឱ្យរដ្ឋមន្ត្រីការបរទេសរបស់លោកស្រី បង្កើតទំនាក់ ទំនងផ្លូវការ ជាមួយចិន។ ក្នុងករណីដែលហុងឌូរ៉ាសផ្ដាច់ទំនាក់ទំនងការទូតនេះពិតមែន នោះវានឹង ធ្វើឱ្យប្រទេសនិងដែនដីដែលនៅមានទំនាក់ទំនងការទូតជាមួយទីក្រុងតៃប៉ិ នៅសល់តែ១៣ប៉ុណ្ណោះ នៅជុំវិញ ពិភពលោក ខណៈហុងឌូរ៉ាសសព្វថ្ងៃគឺប្រទេសមួយក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤ ដែលមានទំនាក់ទំនងជាមួយតៃវ៉ាន់។
ថ្លែងទៅកាន់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ របស់ហុងឌូរ៉ាស កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លោក អេក្វាដូ រ៉ៃណា បានលើកឡើងថាហុងឌូរ៉ាសបានស្នើសុំឱ្យមានការបង្កើនទំនាក់ទំនងបន្ថែម ដើម្បី បំពេញតម្រូវការចាំបាច់នានានៃប្រជាជនហុងឌូរ៉ាស ប៉ុន្តែខាងតៃវ៉ាន់បានបដិសេធ។ លោកបន្ថែមថាហុងឌូរ៉ាសបានស្នើឱ្យតៃវ៉ាន់បង្កើនជំនួយហិរញ្ញវត្ថុទ្វេដងដល់៥០លានដុល្លារក្នុងមួយឆ្នាំ និងជួយបន្ធូរបន្ថយបំណុលជាង៦០០លានដុល្លារ ដែលហុងឌូរ៉ាសជំពាក់តៃវ៉ាន់ផងដែរ ប៉ុន្តែមិនបានទទួលចម្លើយតបមកវិញនោះទេ។
គួរបញ្ជាក់ថា តៃវ៉ាន់ និងហុងឌូរ៉ាស បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាអស់រយៈពេលជាង ៨០ឆ្នាំ មកហើយ។ ចំណែកឯ នៅក្រោមគោលការណ៍ចិនតែមួយ គ្មានប្រទេសណាមួយអាចរក្សាទំនាក់ ទំនង ការទូតផ្លូវការជាមួយតៃវ៉ាន់ផង និងចិនផងបាននោះទេ។ នេះមានន័យថាបើហុងឌូរ៉ាសចង់បង្កើតទំនាក់ទំនងជាមួយចិន នោះពួកគេនឹងត្រូវផ្ដាច់ទំនាក់ទំនងជា មួយតៃវ៉ាន់៕