កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយមួយគ្រាប់ មុនជំនួបកំពូលជប៉ុន-កូរ៉េខាងត្បូង

 (សេអ៊ូល)៖  តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ អោយដឹងថា យោធាកូរ៉េខាងត្បូង បាន​ឱ្យដឹងថាកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ នេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ ខណៈប្រធានាធិបតីកូរ៉េខាង ត្បូង លោក យូន ស៊ុកយុល បានផ្ដើមបំពេញទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ ដើម្បីចូលរួមក្នុងកិច្ចប្រជុំ កំពូលមួយនៅចំពោះមុខការកើនឡើងនូវអ្វីដែលប្រទេសទាំង២ហៅថាជាការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។

ការបាញ់សាកល្បងមីស៊ីលខាងលើ គឺជាការបង្ហាញសាច់ដុំយោធាជាលើកទី៣ តាមរយៈការបាញ់ តេស្ដមីស៊ីលរបស់កូរ៉េខាងជើង ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅមក និងកើតមានឡើងចំ ពេល សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំជាលើក ដំបូងក្នុងរយៈពេល៥ឆ្នាំមកនេះ។ ថ្លែងប្រាប់ AFP នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «យោធារបស់យើងចាប់បានសញ្ញាថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ដែលជាប្រភេទមីស៊ីល ICBM ចេញពីតំបន់ស៊ូណាន់ (Sunan) នៃរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅកាន់សមុទ្រខាងកើត»

នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូងបន្ថែមទៀតថាមីស៊ីលដដែលនេះត្រូវបានបាញ់ចេញតាមគន្លងធម្មតាដែលទីក្រុងព្យុងយ៉ាងធ្វើតេស្ដកន្លងមក ដើម្បីបញ្ចៀសកុំឱ្យមីស៊ីលហោះរំលងប្រទេស ក្បែរខាង ហើយវាហោះបានចម្ងាយ ១,០០០គីឡូម៉ែត្រ ស្របពេលជប៉ុនអះអាងថាមីស៊ីលនេះបាន ហោះក្នុងរយៈកម្ពស់អតិបរមា ៦,០០០គីឡូម៉ែត្រ៕