២ខែដំបូង កម្ពុជារកចំណូលបានជិត ៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ


(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ គឺ រយៈពេល២ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានជិត ៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។

របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបរយៈពេល២ខែ ឆ្នាំ២០២៣ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៧៩,៣៦៩,៧១០ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៧៩,០៦២,៤១៤ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៣០៧,២៩៦ដុល្លារ។

ចំពោះបរិមាណ នៃការនាំចេញរយៈពេល២ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៥៨,៥៩០តោន បានកើនឡើងចំនួន១០,១៨១តោន ស្មើនឹង២១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ មុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន១,៣៦១ម៉ែត្រគូប។

បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា សម្រាប់តម្លៃលក់ជ័រកៅស៊ូ មធ្យម នៅរយៈពេល២ខែ ឆ្នាំ២០២៣ ថ្លៃ១,៣៤៩ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន២៣៦ ដុល្លារ ក្នុងមួយតោន ស្មើនឹង១៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹមរយៈពេល២ខែ ឆ្នាំ២០២៣ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះ ផ្ទៃដី ចៀរជ័រមានចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។

គូសបញ្ជាក់ថា ឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧,៧៧៤,៥៦៩ដុល្លារ និង ចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤,០៨៩,២៧៣ដុល្លារ៕