ប្រធានាធិបតីស៉ីរី លោក Assad ទៅដល់ទីក្រុងមូស្គូ និងត្រៀមជួបលោក ពូទីន


(មូស្គូ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ អោយដឹងថា ប្រធានាធិបតីស៉ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) បានទៅដល់ទីក្រុងមូស្គូនៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក នៅខាងក្រៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីមានការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីខែកុម្ភៈ។

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីស៉ីរី តាមបណ្តាញ Telegram បានឲ្យដឹងថា លោក អាសាដ នឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អំឡុងដំណើរទស្សនកិច្ចរបស់លោក រួមជាមួយនិងគណៈប្រតិភូរដ្ឋមន្ត្រីមួយក្រុមធំរបស់ស៉ីរី។ ចំណែក វិមានក្រឹមឡាំង បានឲ្យដឹងថា មេដឹកនាំទាំងពីរគ្រោងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ពាណិជ្ជកម្ម និង មនុស្សធម៌ ក៏ដូចជាការរំពឹងទុកសម្រាប់ការដោះស្រាយជារួមនៃស្ថានភាពនៅក្នុង និងជុំវិញប្រទេស ស៉ីរី៕