(តៃប៉ិ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ ២០២៣ បញ្ជាក់ថា ក្រសួងការបរទេសតៃវ៉ាន់ នៅថ្ងៃពុធនេះបានស្នើឱ្យប្រទេសហុងឌូរ៉ាស កុំធ្វើ ការសម្រេចចិត្តខុស ដោយទៅបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយចិន បន្ទាប់ពីប្រធានាធិបតីនៃ ប្រទេសអាមេរិកកណ្ដាល មួយនេះបានណែនាំឱ្យរដ្ឋមន្ត្រីការបរទេសរបស់លោកស្រីធ្វើដូច្នេះ។
ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី ហ្ស៉ីយ៉ូម៉ារ៉ា កាស្ត្រូ (Xiomara Castro) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)បាននិយាយថាលោកស្រីបានណែនាំទៅកាន់រដ្ឋមន្ត្រីការបរទេសរបស់លោកស្រី ឱ្យបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសចិន ហើយទោះមិនបានបញ្ជាក់លម្អិត តែគេយល់ បានថានេះមានន័យថាហុងឌូរ៉ាសអាចនឹងផ្ដាច់ទំនាក់ទំនងផ្លូវការរបស់ខ្លួនជាមួយតៃវ៉ាន់។
លោកស្រី កាស្ត្រូ ធ្វើការប្រកាសខាងលើនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter។ នៅក្នុងសារខាងលើដដែល លោកស្រី កាស្ត្រូ បានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺជា សញ្ញាមួយនៃ ការប្ដេជ្ញាចិត្តរបស់លោកស្រី ដើម្បីបំពេញតាមផែនការរបស់រដ្ឋាភិបាល និងការពង្រីក ព្រំដែន។ យ៉ាងណាក៏ដោយ ខាងក្រសួងការបរទេសហុងឌូរ៉ាស មិនទាន់បានធ្វើអត្ថាធិប្បាយអ្វី ជុំវិញសេចក្ដីប្រកាស ខាងលើនោះទេ។
ឆ្លើយទៅនឹងប្រកាសរបស់លោកស្រី កាស្ត្រូនេះដែរ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការ បរទេសតៃវ៉ាន់បានគូសបញ្ជាក់ដូច្នេះថា «យើងស្នើឱ្យហុងដូរ៉ាសពិចារណាដោយហ្មត់ចត់ និងប្រយ័ត្ន កុំឱ្យធ្លាក់ ចូលក្នុងអន្ទាក់របស់ចិន ហើយកុំសម្រេចចិត្តខុសដោយសុខចិត្តបំផ្លាញទំនាក់ទំនងមិត្តភាព យូរអង្វែងមកនេះរវាងតៃវ៉ាន់ និងហុងឌូរ៉ាស់»៕