សម្ដេចតេជោ ហ៊ុន សែន អោយដឹងថា រាជរដ្ឋាភិបាលកំណត់កូតារហូតដល់២% សម្រាប់ជ្រើសរើស ជនមាន ពិការភាព ឲ្យបម្រើការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើក កម្ពស់ជនពិការ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់កូតារហូតដល់ចំនួន២% សម្រាប់ជ្រើសរើស ជនមានពិការភាព ឲ្យបម្រើការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការ លើកកម្ពស់ជនពិការ។

ការបញ្ជាក់ឲ្យដឹងបែបនេះធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើកសន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើ ឡើង នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយបានគិតគូរល្អិតល្អន់នូវសុខុមាលភាព របស់ជនពិការភាព រាជរដ្ឋាភិបាលកម្ពុជា បានកំណត់កូតារហូតដល់ចំនួន២% សម្រាប់ជ្រើសរើស ជនមានពិការភាពឱ្យបម្រើ ការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើក កម្ពស់ជនពិការ»

បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិស័យឯកជន ត្រូវបានលើកទឹក ចិត្តជាពិសេស ឲ្យទទួលយកជនមានពិការ-ភាពបម្រើការងារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្តល់ឱកាសជនមានពិការភាព ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យបានកាន់ តែទូលំទូលាយ។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានឲ្យដឹងដែរថា បច្ចុប្បន្ន បញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយ បាននិងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពរបស់ ប្រជាជនទូទៅ ជាពិសេសជនមាន-ពិការភាព និងជនងាយរងគ្រោះដទៃទៀត។

ក្នុងឱកាសនោះផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោត-សរសើរ ចំពោះជន មានពិការភាព និងភាគីពាក់ព័ន្ធ ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធាន ដើម្បីមកចូលរួមក្នុង សន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដ៏មានសារៈសំខាន់ នេះ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីជនមានពិការភាព អនុសញ្ញាស្តី ពីសិទ្ធិជនមាន-ពិការភាព របស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្តទីក្រុង អ៊ីនឈុន ដើម្បីផ្តល់ សិទ្ធិពិតប្រាកដ ដល់ជនមានពិការភាព។

សូមបញ្ជាក់ថា សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានប្រារព្ធឡើង ចំនួន៤ លើករួចមកហើយ ដែលលើកទី១ នៅប្រទេសថៃ ក្នុងឆ្នាំ២០០៩, លើកទី២ នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០១២, លើកទី៣ នៅប្រទេស ជប៉ុន ក្នុងឆ្នាំ២០១៥ និងលើកទី៤ នៅប្រទេសម៉ុងហ្គោលី ក្នុងឆ្នាំ២០១៩ ដែលកាលនោះ សន្និសីទបានឯកភាពសម្រេចស្នើសុំកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទ លើកទី៥នេះ ដោយមានកិច្ចសហការរួមគ្នា ជាមួយបណ្តាញការងារស្តារលទ្ធភាព ពលកម្មអាស៊ីប៉ាស៊ីហ្វិក៕