(កណ្តាល)៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា បានចុះសួរសុខទុក្ខជាមួយកុមារកំព្រា និងបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មកពិនិត្យព្យាបាលដល់កុមារដែលកំពុងស្នាក់នៅសមាគម ស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ និងចាស់ជរា ក្នុងភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រូពេទ្យស្ម័គ្រចិត្ត មេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងមន្ទីរសង្គមកិច្ចខេត្តកណ្តាល និងលោកស្រីមេភូមិ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។
ការចុះមកនេះ ក្នុងគោលបំណងដើម្បីសំណេះសំណាល សួរសុខទុក្ខ ពិនិត្យមើលអំពីស្ថានភាពនៃ ការរស់នៅជាក់ស្តែងរបស់កុមារនិងនាំយកគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យសុខភាពដល់កុមារដែលកំពុងស្នាក់នៅក្នុងសមាគមនេះ និងចាស់ជរាក្នុងភូមិ សរុបចំនួន ១១៣នាក់។ ក្នុងនោះ គ.ស.ម.ក. ក៏បាននាំយកថវិកា ឱសថ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់សមាគមសម្រាប់ប្រើប្រាស់ តាមជាក់ស្តែង។ ជាមួយគ្នានេះ គ.ស.ម.ក. នឹងនៅតែបន្តជួយឧបត្ថម្ភដល់សមាគមតទៅទៀតផង ដែរជារៀងរាល់ខែ។
ឯកឧត្តម កែវ រ៉េមី ក៏បានធ្វើ្វការកោតសរសើរដល់លោកប្រធាន និងបុគ្គលិកទាំងអស់ក្នុងសមាគម ដែលបានប្រឹងប្រែង លះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងថវិកា ក្នុងការគ្រប់គ្រង ចិញ្ចឹមបី បាច់ មើលថែ បង្ហាត់បង្រៀន និងផ្តល់ការអប់រំដល់កុមារបានយ៉ាងល្អ។
ជាកិច្ចបញ្ចប់ ឯកឧត្តម កែវ រ៉េមី បានធ្វើការថ្លែងអំណរគុណដល់អភិបាលខេត្តកណ្តាលមន្ទីរសង្គម កិច្ច ខេត្តកណ្តាល កាកបាទក្រហមកម្ពុជា និងសប្បុរសជន ដែលបានជួយឧបត្ថម្ភដល់សមាគមនា ពេលកន្លងមកព្រមទាំងអំពាវនាវឱ្យមានការចូលរួមបន្ថែមទៀតពីសំណាក់សប្បុរសជនដទៃទៀតផងដែរ៕