សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការលេចចេញការប្រណាំងប្រជែងរបស់មហាអំណាច ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក និងបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវធម្មាធិបតេយ្យនិយម របស់អន្តរជាតិ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា វិបត្តិនៃការរីករាល ជំងឺកូវីដ១៩ មិនបានបិទបញ្ចប់ទាំងស្រុងនៅឡើយទេ តែមានការលេចចេញនូវការប្រណាំងប្រជែង របស់មហាអំណាចធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ពិភពលោក ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវ ធម្មាធិបតេយ្យនិយមរបស់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល។ ធម្មាធិបតេយ្យ គឺជាការ ប្រកាន់យកគោលការ សេចក្តីពិត ភាពស្អាតស្អំ គោរពច្បាប់វិន័យ។

ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបើកសន្និសីទជនមានពិការភាព ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក លើកទី៥ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា បច្ចុប្បន្នបញ្ហាប្រឈមផ្នែកសុខភាព សាធារណៈ សេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយបាន និងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ជីវភាពរបស់ប្រជាជនទូទៅ ជាពិសេសជនមានពិការភាព និងជនងាយរងគ្រោះដទៃទៀត។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «ខណៈដែលវិបត្តិនៃការរាលដាលជំងឺ កូវីដ១៩ពុំទាន់បានបិទបញ្ចប់ទាំងស្រុងមានការលេចចេញនូវការប្រណាំងប្រជែងរបស់មហាអំណាច ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ពិភពលោកដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវធម្មាធិបតេយ្យនិយមរបស់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនេះ ការគោ រពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរពធម្មនុញ្ញ និងគោលការណ៍អង្គការសហប្រជា ជាតិ ព្រមទាំងការលើកកម្ពស់ការអនុវត្តយន្តការអន្តរជាតិ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព។

ត្រង់ចំណុចនេះនៃបញ្ហាប្រណាំងប្រជែងគ្នារវាងមហាអំណាច, ប្រមុខរាជរដ្ឋាភិបាល បានគូស បញ្ជាក់ថាចំពោះបញ្ហាសង្គ្រាមកម្ពុជាមានបទពិសោធន៍ជូរចត់គ្រប់គ្រាន់ដែលអាចចងក្រងជាប្រវត្តិសាស្ត្រ ហើយជាការពិតសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ។ ក្នុងន័យនេះមានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការចរចា និងការ ពិគ្រោះយោបល់តែប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសុខសន្តិភាពប្រកបដោយចីរភាព៕