ហុងឌូរ៉ាស ប្រកាសពីផែនការផ្ដាច់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ដើម្បីស្រវាឱបចិន

 (តេហ្គូស៉ីហ្កាល់ប៉ា)៖  តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣​ បានអោយដឹងថា ប្រធានាធិបតីនៃប្រទេសហុងឌូរ៉ាស លោកស្រី ហ្ស៉ីយ៉ូម៉ារ៉ា កាស្ត្រូ (Xiomara Castro) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បាននិយាយថាលោក ស្រីបានណែនាំទៅកាន់ រដ្ឋមន្ត្រីការបរទេសរបស់លោកស្រី ឱ្យបង្កើតទំនាក់ទំនងការទូតផ្លូវការជា មួយប្រទេសចិន ដែលនេះមានន័យថាហុងឌូរ៉ាសនឹងផ្ដាច់ទំនាក់ទំនងផ្លូវការរបស់ខ្លួនជាមួយតៃវ៉ាន់។

លោកស្រី កាស្ត្រូ ធ្វើការប្រកាសខាងលើនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter។ លោកស្រី កាស្ត្រូ បានលើកឡើងពីគំនិតចង់ផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដើម្បី ស្រវាឱប ចិន និងចាប់ផ្ដើមមានទំនាក់ទំនងជាមួយទីក្រុងប៉េកាំង តាំងតែពីកំឡុងយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់លោកស្រី។ ប៉ុន្តែ កាលពីខែមករា ឆ្នាំ២០២២ លោកស្រីផ្ទាល់ក៏ធ្លាប់បាន លើកឡើងដែរថា នៅតែចង់រក្សាទំនាក់ទំនងជាមួយតៃវ៉ាន់។

នៅក្នុងសារខាងលើដដែល មេដឹកនាំប្រទេសស្ថិតនៅក្នុងតំបន់អាមេរិកកណ្ដាលមួយនេះ បាន បញ្ជាក់ថាការសម្រេចចិត្តនេះគឺជាសញ្ញាមួយនៃការប្ដេជ្ញាចិត្តរបស់លោកស្រី ដើម្បីបំពេញតាមផែន ការរបស់ រដ្ឋាភិបាល និងការពង្រីកព្រំដែន។ យ៉ាងណាក៏ដោយ ខាងក្រសួងការបរទេសហុងឌូរ៉ាស មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយ ជុំវិញសេចក្ដីប្រកាសខាងលើនោះទេ៕