ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពីការដឹក ជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ

 (ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីពន្លឿនសម្រាប់ការបន្តនីតិវិធីជំហានបន្ទាប់ ក្នុងការប្រជុំ កម្រិតអន្តរក្រសួង និងត្រៀមសម្រាប់ការបញ្ជូនទៅគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់នាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបន្តពិនិត្យពិភាក្សា និងឆ្លងខ្លឹមសារ សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីឱ្យមានអត្ថន័យគ្រប់ជ្រុងជ្រោយ ធានាដល់ការអភិវឌ្ឍ វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងការគ្រប់គ្រងកំពង់ផែ កាន់តែប្រសើរឡើង ព្រមទាំងអាចផ្ដល់សេវា ដល់ការធ្វើនាវាចរណ៍ប្រកបដោយទំនុកចិត្ត មានសន្តិសុខ សុវត្ថិភាព និងលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងជាមួយកំពង់ផែនានានៅក្នុងតំបន់ និងអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំនេះអង្គប្រជុំ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល លើការកែសម្រួលពាក្យ ពេចន៍ ឃ្លាឃ្លោង និងការកំណត់និយមន័យនៃវាក្យស័ព្ទ ដែលប្រើប្រាស់ក្នុងសេចក្តីព្រាងច្បាប់នេះ។

លើកឡើងនាឱកាសនោះឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគ្រប់រូប ដែលបានខិតខំប្រែងប្រែង សិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង និង បានណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើបច្ចុប្បន្នភាពឯកសារនេះ តាមមតិយោបល់របស់កិច្ចប្រជុំ នេះ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានភាពកាន់តែល្អប្រសើរ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀត ដល់ប្រទេសជាតិ ជាពិសេសសមស្របទៅតាមនវានុវត្តន៍សង្គមបច្ចុប្បន្ន និងបរិបទអន្តរជាតិ៕